ខេត្តបាត់ដំបង៖ យោងតាមរបាយការណ៍បឋមពីសមត្ថកិច្ចបានឱ្យដឹងថា នៅរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ នេះ មានភ្លៀងលាយឡំខ្យល់កន្ត្រាក់ និងផ្គររន្ទះផងនោះ បានបក់បោកប៉ះពាល់ស្រុកចំនួនបីនៅក្នុងខេត្តបាត់ដំបង ធ្វើឱ្យខូចខាតលំនៅឋានប្រជាពលរដ្ឋចំនួន ១៦ខ្នង និងសត្វគោពីរក្បាលបានងាប់ផងដែរ។
របាយការណ៍ដដែលបានបង្ហាញថា ករណីទី១ នៅចំណុចភូមិទួលម្ទេស ក្នុងស្រុកគាស់ក្រឡ ធ្វើអោយខូចខាតផ្ទះប្រជាពលរដ្ឋចំនួន៨ខ្នង ក្នុងនោះខូចខាតទាំងស្រុងចំនួន៤ខ្នង និងរបើកស័ង្កសីចំនួន៤ខ្នង តែមិនមានប៉ះពាល់ដល់ឣាយុជីវិតមនុស្សឡើយ។
ករណីទី២ នៅចំណុចភូមិទួលច្រនៀង ភូមិព្រៃទទឹង និងភូមិបាយដំរាំ ក្នុងស្រុកបាណន់ ធ្វើអោយប៉ះពាល់ខូចខាតផ្ទះប្រជាពលរដ្ឋចំនួន ៧ខ្នង ក្នុងនោះធ្ងន់ធ្ងរធ្លាក់ពីលើជើងតាងចំនួន១ខ្នង និងរបើកដំបូលស័ង្កសីចំនួន៦ខ្នង និងមិនបណ្តាលអោយប៉ះពាល់គ្រោះថ្នាក់ដល់មនុស្សឡើយ ដោយឡែកនៅក្នុងភូមិទួលធ្នង់ មានករណីរន្ទះបាញ់បណ្តាលអោយសត្វគោចំនួន២ក្បាលបានងាប់ផងដែរ។
ករណីទី៣ នៅចំណុចភូមិវាលទ្រា ឃុំអូរតាគី ក្នុងស្រុកថ្មគោល ប៉ះពាល់ខូចខាតផ្ទះប្រជាពលរដ្ឋចំនួន១ខ្នង របើកដំបូលស័ង្កសីចំនួន ២២សន្លឹក និងមិនបណ្តាលអោយមានគ្រោះថ្នាក់ដល់មនុស្សឡើយ៕
ដោយ៖ ចន្ទ លីហ្សា