ព័ត៌មានទាន់ហេតុការណ៍៖

ចម្ការកញ្ឆាពីរកន្លែងត្រូវសមត្ថកិច្ចរកឃើញនិងបំផ្លាញចោល

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ ដើមកញ្ឆាដាំដុះយ៉ាងល្អទម្ងន់ជិត៤០០គីឡូក្រាមដាំក្នុងចម្ការលួចលាក់ចំនួនពីរកន្លែងត្រូវបានកម្លាំងជំនាញប្រឆាំងគ្រឿងញៀនចុះបង្ក្រាប។
ការចុះបង្ក្រាបនោះកម្លាំងជំនាញប្រឆាំងគ្រឿងញៀនស្រុកអូររាំងដឹកនាំបញ្ជាដោយលោកវរសេនីយ៍ឯក វ៉ាន ដានីន អធិការនគរបាលស្រុក សហការជាមួយកម្លាំងនគរបាលក្រុងសែនមនោរម្យ និងកម្លាំងការិយាល័យជំនាញប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ស៊ុម សោភ័ណ្ឌ ស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀន ក្រោមការសម្របសម្រួលពីសំណាក់លោក ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី បានចុះប្រតិបត្តិការបង្ក្រាបជាក់ស្តែង។
ទីតាំងដាំដុះដំណាំកញ្ឆាចំនួន២កន្លែងនោះត្រូវបានកម្លាំងចម្រុះចុះបង្ក្រាបកម្ទេចចោលនៅវេលាម៉ោង១០៖៣០នាទីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១នៅចម្ការរបស់ឈ្មោះ មេីប​ អឿន ស្ថិតនៅចំណុចអូរទេ អូរក្បាលព្រះមានព្រំប្រទល់ជាប់ក្រុងសែនមនោរម្យ ស្ថិតក្នុងភូមិពូហ្សាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ ទីតាំងទី១មានផ្ទៃដីទំហំ១៥ម.x១២០ម. ឯទីតាំងទី២មានដីទំហំ ១០ម.x១៥ម.។
ក្នុងប្រតិបត្តិការបង្ក្រាបនោះកម្លាំងជំនាញបានដកហូតសម្ភារវត្ថុតាងទាំង២ទីតាំងនោះមានដំណាំកញ្ឆាសរុបចំនួន ៦.៩១០ដើមមានកម្ពស់១០០-១៥០cmចំនួន៤.៣៦០ដើម
កម្ពស់៥០-១០០cmចំនួន១.២០០ដើម
កម្ពស់១០cm ចំនួន ១.៣៥០ដើមបានបំផ្លាញចោលនៅនឹងកន្លែងតែម្តង។ក្រៅពីនេះមានធុងបាញ់ថ្នាំ ចំនួន១, ធុងស្រោចទឹក១, ម៉ាសុីនបូមទឹក២គ្រឿង, ចបចាំងស្មៅ ចំនួន ៣៕

ដោយ៖ ជីវ័ន្ត


ចែករំលែក៖