ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោស្នើឲ្យពិនិត្យលទ្ធភាពផ្តល់ការព្យាបាលអ្នកជំងឺកូវីដ-១៩នៅតាមផ្ទះ

ចែករំលែក៖

ភ្នំពេញ៖ យោងតាមសារសំឡេងពិសេស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើការណែនាំថ្មីមួយ ដោយឱ្យក្រសួងសុខាភិបាល និងអ្នកពាក់ព័ន្ធគិតគូរ និងរៀបចំទុកជាមុនពីលទ្ធភាពផ្តល់ការព្យាបាលនៅតាមផ្ទះសម្រាប់អ្នកជំងឺកូវីដ-១៩ ដែលមានស្ថានភាពស្រាល។

ក្នុងសារសំឡេងដែលត្រូវាបានចែកចាយលើបណ្តាញសង្គមនាព្រឹកថ្ងៃទី០៦ ខែមេសា សម្តេចតេជោ បានចាត់ទុកនេះ គឺជាការគិតគូរ និងជាការរៀបចំផែនការទុកជាមុនក្នុងករណីអ្នកជំងឺកើនឡើងកាន់តែច្រើន ហើយមិនអាចមានទីតាំងសម្រាប់ព្យាបាល។

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ដូច្នេះ «ឥឡូវនេះយើងត្រូវព្យាករសភាពការណ៍ជាមុនអំពីសមត្ថភាពទ្រទ្រង់បាននៃមន្ទីរពេទ្យរបស់យើង។ បើសិនជំងឺមិនថមថយទេនោះ គឺមន្ទីរពេទ្យរបស់យើងនឹងពេញហៀរជោរជន់ទៅដោយអ្នកជំងឺទាំងស្រាលទាំងធ្ងន់។ ដូច្នេះយើងត្រូវតែមានការរៀបចំមួយដោយយកវិធីសាស្ត្រតាមបណ្តាប្រទេសដែលមានអ្នក ជំងឺច្រើនរាប់ទាំងនៅអាមេរិក នៅបារាំង នៅអឺរ៉ុប និងប្រទេសមួយចំនួនទៀត ដែលមានអ្នក ជំងឺលើសពីចំនួនពេទ្យដែលអាចទទួលបាន»។

សម្តេចតេជោ បន្តថា «ខ្ញុំស្នើឱ្យក្រុមការងាររបស់យើងរៀបចំនូវក្រុមប្រតិបត្តិព្យាបាលនៅតាមផ្ទះឱ្យហើយស្រេច ហើយដល់ពេលណាមួយយើងត្រូវពិនិត្យអំពីលទ្ធភាព ក្នុងការទទួលយកមកព្យាបាលនៅមន្ទីរពេទ្យ និងទុកសម្រាប់ព្យាបាលនៅតាមផ្ទះ។ យើងមិនអាចទទួលអស់ទេ ក្នុងករណីមានការកើនឡើងថែមទៀត អ្នកជាតិច អ្នកចូលច្រើន។ ទោះបីយើងរៀបចំមន្ទីរពេទ្យប៉ុន្មានទៀតក៏មិនគ្រប់ដែរ អ៊ីចឹងវិធីដោះស្រាយមានតែទុកអ្នកមានវិជ្ជមានកូវីដ-១៩ ប៉ុន្តែស្រាលទុកព្យាបាលនៅតាមផ្ទះទៅវិញ ប៉ុន្តែត្រូវមានការវិនិច្ឆ័យឱ្យបានច្បាស់»។

សម្តេចតេជោ បានគូសបញ្ជាក់ដែរថា សម្រាប់អ្នកព្យាបាលនៅតាមផ្ទះត្រូវតែមានស្ថានភាពជំងឺស្រាល និងមានផ្ទះសមរម្យដែលអាចព្យាបាលបាន។ មួយវិញទៀត បើផ្ទះរបស់អ្នកជំងឺមានទំហំតូច អាចឆ្លងរៀលដាលទៅក្រុមគ្រួសារ ត្រូវយកទៅមន្ទីរពេទ្យ។

សម្តេចតេជោ ហ៊ុន សែន បានប៉ាន់ប្រមាណថា យ៉ាងហោច ណាស់អាចមានអ្នកជំងឺ ៥០ ភាគរយ ដែលមានស្ថានភាពស្រាល ហើយចង់ព្យាបាលនៅតាមផ្ទះ។

ទន្ទឹមនឹងការគិតគូរពីលទ្ធភាពឱ្យអ្នកជំងឺកូវីដ-១៩ ព្យាបាលតាមផ្ទះ សម្តេចតេជោ ក៏បានណែនាំឱ្យគិតគូរពីការគ្រប់គ្រងអ្នកជំងឺ ពីការទៅព្យាបាលរបស់គ្រូពេទ្យ ព្រមទាំងការ ឧបត្ថម្ភជាថវិកា និងចំណី អាហារផ្សេងផងដែរ។

ការផ្តួចផ្តើមឱ្យគិតគូរព្យាបាលជំងឺតាមផ្ទះ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង បន្ទាប់ពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ នៅតែបន្តកើនឡើង។ ត្រឹមថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ម្សិលមិញ កម្ពុជាមានអ្នកជំងឺកូវីដ-១៩ សរុប ២,៧៥២នាក់ ក្នុងនោះករណីសហគមន៍២០កុម្ភៈ មានចំនួន ២,២២២នាក់។ អ្នកជាសះស្បើយចំនួន ១,៧៤៧នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ៩៧៩ នាក់។ អ្នកស្លាប់ចំនួន ២១នាក់ និងស្លាប់ដោយជំងឺផ្សេង ពេលកំពុងព្យាបាលកូវីដ-១៩ចំនួន ៥នាក់៕

ដោយ៖ សូរិយា


ចែករំលែក៖