ព័ត៌មានទាន់ហេតុការណ៍៖

ព្រោះ​តែក្តីបារម្ភពីជំងឺឆ្លងកូវីដ-១៩​៖​ កូរ៉េខាងជើង ប្រកាសមិនចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក​ នៅទីក្រុងតូក្យូ

ចែករំលែក៖

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយនៅថ្ងៃអង្គារ ទី០៦ ខែមេសា ឆ្នាំ២០២១នេះថា​ ក្រសួងកីឡាកូរ៉េខាងជើង បានប្រកាសនៅថ្ងៃអង្គារនេះដែរ​ថា​ ខ្លួននឹងមិនចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូនៅក្នុងឆ្នាំ២០២១នេះឡើយ ដើម្បីការពារអត្តពលិករបស់ខ្លួនពីការឆ្លងនៃជំងឺ COVID-19 ។

ប៉ុន្តែ​យ៉ាងណា​មិញ​ ក្រសួងកូរ៉េខាងជើង​ មិនបានឱ្យដឹងអ្វីលម្អិតបន្ថែមនោះទេ ដោយគ្រាន់តែបញ្ជាក់យ៉ាងខ្លីនៅលើគេហទំព័ររបស់ខ្លួនដូច្នេះថា៖ «គណៈកម្មាធិការបានសម្រេចចិត្តថានឹងមិនទៅចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូលើកទី៣២នោះទេ ដើម្បីការពារអត្តពលិកពីវិបត្តិសុខាភិបាល សកលដែលបង្កឡើងដោយ COVID-19 »។​ ជាក់ស្ដែង​ការសម្រេចចិត្តខាងលើធ្វើឡើងនៅក្នុងកិច្ចប្រជុំមួយនៃគណៈកម្មាធិការអូឡាំពិកកូរ៉េខាងជើងកាលពីថ្ងៃ២៥ ខែមីនាកន្លងទៅ ដោយមានការចូលរួមពីសំណាក់ រដ្ឋមន្ត្រីកីឡា លោក Kim Il Guk។

គួរបញ្ជាក់ថា ក្រសួងកីឡាកូរ៉េខាងជើង​ នៅក្នុងកិច្ចប្រជុំខាងលើ​ ក៏បានពិភាក្សាគ្នាផងដែរពីការអភិវឌ្ឍសមត្ថភាពអត្តពលិកដើម្បីទទួលបានមេដាយកាន់តែច្រើន នៅក្នុងការប្រកួតជាលក្ខណៈអន្តរជាតិ ព្រមទាំងលើកកម្ពស់សកម្មភាពកីឡាសាធារណៈនៅរយៈពេល៥ឆ្នាំខាងមុខ៕ដោយ​៖ស​ តារា​

 

រូបភាព​៖ឯកសារ​


ចែករំលែក៖