ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប ចេញសេចក្តីណែនាំ ស្តីពី វិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ នៅក្នុងឱកាសឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ពីថ្ងៃពុធ ៣កើត ខែពិសាខ ឆ្នាំឆ្លូវ ទោស័ក ព.ស ២៥៦៤ ដល់ថ្ងៃសុក្រ ៥កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១។
យោងសារាចរណែនាំលេខ ០២ សរណន ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានាការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ ព្រមទាំងកាត់បន្ថយនូវផលប៉ះពាល់នៃការឆ្លងរាលដាលជំងឺកូវីដ -១៩ នៅក្នុង “ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១» នៅមិនទាន់មានភាពធូរស្រាលនៅឡើយ រដ្ឋបាលខេត្តសៀមរាប សូមធ្វើការណែនាំដល់រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ មន្ទីរ-អង្គភាព អាជ្ញាធរមាន សមត្ថកិច្ចពាក់ព័ន្ធ និងសាធារណជនទាំងអស់ ត្រូវយកចិត្តទុកដាក់គោរព និងអនុវត្តប្រកបដោយភាពម្ចាស់ការ ស្មារតីភ្ញាក់រលឹក និងការទទួលខុសត្រូវខ្ពស់នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ពីថ្ងៃពុធ ៣កើត ខែពិសាខ ឆ្នាំឆ្លូវ ទោស័ក ព .ស ២៥៦៤ ដល់ថ្ងៃសុក្រ ៥កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៤ ត្រូវនឹង ថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ ដូចខាងក្រោម៖
១-រដ្ឋបាលក្រុង -ស្រុក គ្រប់មន្ទីរ -អង្គភាព សមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរឃុំ-សង្កាត់ ត្រូវចាត់វិធាន ការចាំបាច់នានា សំដៅគ្រប់គ្រង និងធានាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈឱ្យបានល្អប្រសើរ ព្រមទាំងធានានូវការគោរព និងការអនុវត្តវិធានការសុខាភិបាល បង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដោយម៉ត់ចត់ និងខ្ជាប់ខ្ជួន អនុលោមតាមបទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋាន ជាធរមាន ទាំងនៅក្នុងការគ្រប់គ្រង ចរាចរណ៍ ការដឹកជញ្ជូនមនុស្ស ការធ្វើដំណើរឆ្លងកាត់ខេត្ត និងទាំងនៅតាមទីសាធារណៈនានា ពិសេសនៅ តាមវត្តអារាម រមណីយដ្ឋាន និងទីតាំងផ្សេងទៀត ដែលអាចមានសភាពអ៊ូអរ និងមានមនុស្សជួបជុំគ្នាក្នុង ចំនួនច្រើន។
២-សាធារណជនគ្រប់រូបទាំងអស់ ត្រូវចូលរួមអនុវត្តនូវវិធានការដូចខាងក្រោម ៖
ទី១- សូមជួបជុំក្រុមគ្រួសារតាមគេហដ្ឋានរៀងៗខ្លួន ចៀងវាងការធ្វើដំណើរចេញក្រៅផ្ទះ ដោយមិនចាំបាច់ និងចៀសវាងការធ្វើដំណើរមិនចាំបាច់ឆ្លងកាត់ខេត្ត
ទី២- ចៀសវាងនូវការធ្វើដំណើរមិនចាំបាច់ ទៅកាន់ ឬចេញ-ចូលតំបន់ ឬទីកន្លែង ដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ -១៩ កំណត់ដោយក្រសួងសុខាភិបាល
អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ
ទី៣- ចៀសវាងនូវការរៀបចំពិធីផ្សេងៗ រួមទាំងពិធីសាសនាផង ឬការជួបជុំទាំងឡាយដែលមានសភាពអ៊ូអរ និងមានមនុស្សចូលរួមច្រើន
ទី៤- អនុវត្តវិធានការ ការពារ” ពាក់ម៉ាសគ្រប់ពេល លាងដៃឱ្យបានញឹកញាប់ រក្សាគម្លាត បុគ្គល និង “៣កុំ” កុំទៅកន្លែងមនុស្សច្រើន កុំនៅកន្លែងបិទជិត កុំប៉ះពាល់ ឬចាប់ដៃគ្នា ព្រមជាមួយនឹងវិធានការសុខាភិបាលចាំបាច់ផ្សេងទៀត សំដៅបង្ការ និងទប់ស្កាត់ការ ឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ឱ្យបានខ្ជាប់ខ្លួន និងគ្រប់ៗគ្នា
ទី៥- រដ្ឋបាលខេត្តសៀមរាប សូមអំពាវនាវដល់ក្រុមហ៊ុន និងអាជីវករដឹកជញ្ជូនអ្នកដំណើរ គ្រប់ប្រភេទ មិនត្រូវតម្លើងថ្លៃសេវាដឹកជញ្ជូនអ្នកដំណើរឡើយ និងត្រូវយកចិត្តទុកដាក់ អនុវត្តវិធានការសុខាភិបាល សំដៅបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដោយម៉ត់ចត់ និងខ្ជាប់ខ្លួនចំពោះអ្នកដំណើរនៅលើយានយន្តរបស់ខ្លួន។ ៣-ម្ចាស់អាជីវកម្មដ្ឋាន សណ្ឋាគារ សេវាកម្មដ្ឋាន ភោជនីយដ្ឋាន និងម្ចាស់អាហារដ្ឋាន ត្រូវអនុវត្តតាម វិធានការសុខាភិបាល ពាក់ម៉ាស រក្សាគម្លាត ស្របតាមច្បាប់ និងលិខិតបទដ្ឋាន ជាធរមាន។
ទទួលបានសេចក្តីណែនាំនេះ រដ្ឋបាលក្រុង -ស្រុក ឃុំ-សង្កាត់ មន្ទីរ-អង្គភាព អាជ្ញាធរមានសមត្ថកិច្ច ពាក់ព័ន្ធ និងសាធារណជនទាំងអស់ ត្រូវចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាព និងស្មារតីទទួលខុសត្រូវខ្ពស់៕
ដោយ៖ សុខ ខេមរា