ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីប្រកាសព័ត៌មាន ស្តីពីខ្លឹមសារជំនួបតាមទូរស័ព្ទរវាងសម្តេចតេជោ ហ៊ុន សែន ជាមួយ លោក ផាម មិញជិញ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញសេចក្តីប្រកាសព័ត៌មាន ខ្លឹមសារជំនួបតាមទូរស័ព្ទរវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយលោក ជាម មិញជិញ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

នៅរសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានជួបសន្ទនាតាមទូរស័ព្ទជាមួយ លោក ជាម មិញវិញ នាយករដ្ឋមន្ត្រីនៃ សាធារណរដ្ឋសង្គមនិយមវៀតណាម ។
ក្នុងជំនួបនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្តែងនូវអំណរសាទរយ៉ាងកក់ក្តៅបំផុត ជូនចំពោះ លោក ជាម មិញដិញ ដែលទើបត្រូវបានសម័យប្រជុំទី១១ នីតិកាល តាំងជានាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ទី១៤ នៃរដ្ឋសភាវៀតណាមបោះឆ្នោតជ្រើស ។ ការជ្រើសតាំងនេះ បានបង្ហាញយ៉ាងច្បាស់ នូវភាពជាអ្នកដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយសមត្ថភាព ប្រជាប្រិយភាព និងការរួមវិភាគទានយ៉ាងសំខាន់ក្នុង បុព្វហេតុកសាងនិងការពារមាតុភូមិរបស់លោក ជាម មិញជិញ។

សម្តេចតេជោ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏ធំធេងដែលប្រជាជនវៀតណាមសម្រេចបានរហូតមក ដល់បច្ចុប្បន្ននេះ ព្រមទាំងបានសម្តែងនូវជំនឿជឿជាក់ថា ក្រោមការដឹកនាំដ៏វាងវៃរបស់លោក ជាម មិញជិញ រដ្ឋាភិបាល និងប្រជាជនវៀតណាម នឹងអនុវត្តដោយជោគជ័យនូវផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរយៈពេល ៥ឆ្នាំ (២០១១-២០២៥) និងយុទ្ធសាស្រ្តអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរយៈពេល ១០ឆ្នាំ (២០២១-២០៣០) តាមសេចក្តីសម្រេចចិត្តរបស់គណបក្សកុម្មុយនិស្ត និងរដ្ឋសភាវៀតណាម ។

លោកនាយករដ្ឋមន្ត្រីវៀតណាម ជាម មិញដិញ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេច តេជោនាយករដ្ឋមន្ត្រី ព្រមទាំងបានបញ្ជាក់នូវបំណងធ្វើកិច្ចសហការយ៉ាងល្អ និងជិតស្និទ្ធជាមួយសម្តេចតេជោ ក្នុងការបន្តពង្រឹងទំនាក់ទំនងជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ ដើម្បីផលប្រយោជន៍របស់ប្រជាជនកម្ពុជា និងវៀតណាម ។
លោក ជាម មិញវិញ ជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រជាជនកម្ពុជា នឹងជំនះបាននូវផលប៉ះពាល់បណ្តាលមកពីការរាតត្បាតនៃជំងឺកូវីដ-១៩ និងស្តារ សេដ្ឋកិច្ចឡើងវិញកាន់តែខ្លាំង និងរឹងមាំ បានយ៉ាងឆាប់រហ័សនាពេលខាងមុខ។

នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងកម្ពុជា និងវៀតណាម ទោះបីស្ថិតក្នុងសភាពការណ៍កំពុងទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំងនៃជំងឺកូវីដ-១៩ក៏ដោយ ក៏ប្រទេសទាំងពីរនៅរក្សាបាននូវទំនាក់ទំនងជិតស្និទ្ធ និងការផ្លាស់ប្តូរយោបល់តាមរយៈប្រព័ន្ធវីដេអូ និងទូរស័ព្ទ ទាំងនៅថ្នាក់កំពូល និងនៅថ្នាក់មូលដ្ឋាន ។ ទន្ទឹមនេះដែរ ភាគីទាំងពីរក៏បានបង្កើនប្រសិទ្ធភាពនៃបណ្ដាយន្តការ សហប្រតិបត្តិការទ្វេភាគី ជាពិសេស ទំហំពាណិជ្ជកម្មទ្វេទិសនៅបន្តមានកំណើនគួរអោយកត់សម្គាល់ ក្នុង ខណៈដែលកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល និងអប់រំ ក៏ត្រូវបានបន្តយកចិត្តទុកដាក់។ ភាគីទាំងពីរ បានឯកភាពអនុវត្តប្រកបដោយប្រសិទ្ធភាពនូវការងារគ្រប់គ្រងព្រំដែន ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការសហការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ការជំរុញសកម្មភាពផ្លាស់ប្តូរទំនិញ និងការដោះស្រាយ បានទាន់ពេលវេលានូវរាល់បញ្ហាដែលកើតមានជាយថាហេតុ។

ភាគីទាំងពីរ បានឯកភាពបន្តសហការយ៉ាងជិតស្និទ្ធនៅក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការពហុភាគី។ លោក ជាម មិញជិញ បានថ្លែងអំណរគុណដល់កម្ពុជា ដែលបានគាំទ្រវៀតណាមអោយបំពេញតួនាទីជាប្រធាន អាស៊ានឆ្នាំ២០២០ ដោយជោគជ័យ និងបានបញ្ជាក់អំពីការគាំទ្ររបស់វៀតណាមចំពោះកម្ពុជាក្នុងការបំពេញ តួនាទីជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី -អឺរុប (ASEM) លើកទី១៣ នៅចុងឆ្នាំ២០២១ និងជាប្រធាន អាស៊ាននៅឆ្នាំ២០២២ខាងមុខនេះ អោយបានប្រកបដោយជោគជ័យ។

នៅចុងបញ្ចប់នៃការសន្ទនា សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញ លោកនាយករដ្ឋមន្ត្រី ផាម មិញដិញមកបំពេញទស្សនកិច្ចនៅកម្ពុជា ហើយឯកឧត្តមនាយករដ្ឋមន្ត្រី ជាម មិញជិញ ក៏បាន អញ្ជើញសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅបំពេញទស្សនកិច្ចនៅវៀតណាមក្នុងពេលវេលាសមស្រប៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖