ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុនសែន : ដំណើរការចាក់វ៉ាក់សាំងលើក្រុមអាទិភាពនៅទូទាំងប្រទេសបាននិងកំពុងដំណើរការ

ចែករំលែក៖

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ដំណើរការចាក់វ៉ាក់សាំងលើក្រុមអាទិភាពនៅទូទាំងប្រទេសបាននិងកំពុងដំណើរការ ប៉ុន្តែបើពិនិត្យស្ថានភាពខាងមុខ ជំហានបន្តគឺត្រូវគ្រប់គ្រង(ការរីករាលដាលនៅ)រាជធានីភ្នំពេញ និងខេត្តកណ្ដាលឱ្យខានតែបាន។ បើយោងតាមសារសំឡេង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០២១ថា, ចាំបាច់ត្រូវតែមានភាពសាំ នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល ដូច្នេះ ធ្វើផែនការរៀបចំសម្រាប់ចាក់វ៉ាក់សាំងបន្ត នៅពេលវ៉ាក់សាំងថ្មីមកដល់ ត្រូវសំដៅឆ្ពោះទៅលើរាជធានីភ្នំពេញ និងខេត្តកណ្ដាល។

អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានបញ្ជាក់ជូនថា យើងត្រូវសួរខ្លួនឯងវិញថា តើខ្លួនឯងនេះបានធ្វើអ្វីខ្លះ? ដើម្បីទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ លោកជំទាវបន្ថែមថា បុគ្គលគ្រប់រូបត្រូវគិតថា ធ្វើម៉េចបុគ្គលខ្លួនឯងផ្ទាល់តែម្តង កុំឲ្យឆ្លងវីរុសកូវីដ-១៩ បើយើងធ្វើបានដូច្នេះ យើងម្នាក់ៗនឹងអាចកាត់ផ្តាច់ការចម្លងវីរុសកូវីដ-១៩ ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតជាក់ជាមិនខាន។ លោកស្រី បានបញ្ជាក់ទៀតថា ចំពោះបុគ្គលដែលធ្វើអ្វីប្រាសចាកចំពោះវិធានការសុខាភិបាល ច្បាស់ណាស់អាជ្ញាធរនឹងចាត់វិធានការចំពោះបុគ្គលដែលល្មើស ព្រោះយើងមានច្បាប់រួចហើយ។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ” ៣ ការពារនិង ៣ កុំ គឺការពារយើងបាន ឲ្យតែយើងអនុវត្តឲ្យបានត្រឹមត្រូវ ណាស់តែយើងភ្លេចខ្លួនទេ”៕

ដោយ៖ សិលា


ចែករំលែក៖