ភ្នំពេញ៖ បេីយោងតាមការបញ្ជាក់ពីលិខិតរបស់ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១នេះ បានជូនដំណឹងប្រាប់ទៅក្រសួងស្ថាប័នរដ្ឋ ឲ្យផ្ដល់ជាបន្ទាន់ នូវតួលេខចំនួន មន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យា ដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ ត្រឹមថ្ងៃទី១១ ខែមេសានេះ។
ជាក់ស្ដែងនៅក្នុងលិខិតខាងលេីនេះ បានបញ្ជាក់ថា ដើម្បីអនុវត្តតាមមតិណែនាំ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងមុខងារសាធារណៈ សូមគោរពស្នើសុំផ្ដល់ ជាបន្ទាន់ នូវចំនួនមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យា របស់ក្រសួង ស្ថាប័ន អង្គភាព រដ្ឋបាលរាជធានី ខេត្ត (ដោយមិនរាប់ បញ្ចូល កងកម្លាំងប្រដាប់អាវុធ) ដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ ដោយគិតដល់ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ ខាងមុខនេះ។
គួរជម្រាបថា កាលពីយប់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ម្សិលមិញនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងសារ ជាសំឡេង ក្រើនរំលឹក ដល់មន្ត្រីរាជការ ទាំងអស់ ឲ្យចូលរួមចាក់វ៉ាក់សាំង ដើម្បីសុវត្តិភាព ទាំងអស់គ្នា។ ការចាក់វ៉ាក់សាំងនេះ លេចឡើងមន្ត្រី ២ ប្រភេទ។ មន្ត្រីមួយប្រភេទចង់ចាក់ ឲ្យបានលឿន ព្រោះខ្លាចអស់វ៉ាក់សាំង ។ ប្រភេទទី២ មន្ត្រីរាជការ ដែលគេចវេស មិនចង់ចាក់វ៉ាក់សាំង។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ «ការស្ម័គ្រចិត្តជារឿងមួយ ប៉ុន្តែសុវត្ថិភាព សុខភាពសាធារណៈ ជារឿងមួយទៀត។ ការនិយាយនេះ មិនមែនជាការរើសអើងរវាងគ្នា នឹងគ្នានោះទេ។ បុគ្គលដែលមិនបានទទួលវ៉ាក់សាំង គឺជាបុគ្គលដែលងាយរងគ្រោះ ដោយសារកូវីដ១៩ ។ ដូច្នេះអ្នកដែល មានចេតនា គេចវេសមិនទទួលវ៉ាក់សាំង គឺងាយ នឹងបាត់បង់ការងារ ឬមិនទទួលបានការងារ។ នេះគឺជាការដាស់តឿន សម្រាប់សាម៉ីខ្លួនផង និងអង្គភាពក្រសួងមន្ទីរផង។ ក្រសួងនីមួយៗ ត្រូវបូកសរុបជារបាយការណ៍ជូនមកក្រសួង មុខងារសាធារណៈ ហើយក្រសួងមុខងារសាធារណៈ ត្រូវរាយការណ៍ មកនាយករដ្ឋមន្ត្រី ដើម្បីធ្វើជំរឿន និងពិនិត្យ លើការទិញវ៉ាក់សាំងបន្ថែម ។ វ៉ាក់សាំង មិនមែនជាថ្នាំពុលទេ គឺវាជួយការពារយើង អង្គភាពយើង និងសង្គមជាតិយើង។ ប្រសិនបើមន្ត្រីគេចវេស ពីការចាក់វ៉ាក់សាំង គឺគេគេចវេសក្រសួងតែម្តង ។ ដូច្នេះខ្ញុំសូមបញ្ជាក់ថាៈ បើការចាក់ វ៉ាក់សាំង តាមក្រសួង ស្ថាប័ន រដ្ឋឈានដល់កម្រិត ៧០% ទៅ ៨០ % នោះ អ្នកគេចវេស ពីការចាក់វ៉ាក់សាំង សូមដេកផ្ទះរហូតចុះ ។ កុំមកធ្វើការនាំតែចម្លងគេ»៕ដោយ៖ស តារា