ខេត្តបាត់ដំបង៖ បេីយោងតាមការបញ្ជាក់ពីមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានបង្ហាញឲ្យដឹងនៅថ្ងៃព្រហស្បតិ៍្តទី៨ ខែមេសា ឆ្នាំ២០២១នេះថា ដើម្បីចូលរួមស្កាត់ការឆ្លង រីករាលដាលនូវជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ គោលដៅទេសចរណ៍ ប្រមាណជិត ៣០កន្លែងនោះទេ ស្ថិតនៅក្នុងទីរួមខេត្តបាត់ដំបង ត្រូវបានបិទផ្អាកមិនទទួលភ្លៀវ នៅអំឡុងបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ។
តាមរបាយការណ៍មន្ទីរទេសចរណ៍ខេត្ត បានបន្ថែមទៀតថា គោលដៅទេសចរណ៍ ទាំងធំ ទាំងតូច ជាច្រើននៅក្នុងខេត្តបាត់ដំបងនេះ ត្រូវបានបិទផ្អាកដំណើរការទាំងស្រុង ជាបណ្តោះអាសន្ន ពិសេសនៅក្នុងអំឡុងបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដែលឈានចូលមកដល់ខាងមុខនេះ។ ជាក់ស្ដែងជាប្រយោជន៍ គឺយេីងចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនូវជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ទ្រង់ទ្រាយធំ។
របាយការណ៍ដដែល បន្តថា មកទល់ពេលនេះ មន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានជូនដំណឹងរម្លឹកបន្ថែម ទៅដល់បណ្តាម្ចាស់រមណីយដ្ឋាន សហគមន៍ទេសចរណ៍ និងកន្លែងមានសក្តានុពល ទេសចរណ៍ បានជ្រាបស្រេចបាច់ ទាំងស្រុងហើយ ដើម្បីចូលរួមពីគ្រប់ភាគី ទាំងវិស័យឯកជន និងរដ្ឋ គោរព ឬអនុវត្តតាម ឲ្យមានប្រសិទ្ធភាព ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ សំដៅទប់ស្កាត់ការឆ្លងរីករាលដាល នូវជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍។
សូមជម្រាបថា រមណីយដ្ឋាន និងគោលដៅទេសចរណ៍សំខាន់ៗ ដែលមានសក្តានុពល ជាតំបន់លំហែកាយរបស់ ខេត្តបាត់ដំបង បច្ចុប្បន្ន រួមមានដូចជា៖ រមណីយដ្ឋាន ប្រាសាទបាណន់, រមណីយដ្ឋានភ្នំសំពៅ, ទស្សនាហ្វូងសត្វប្រចៀវ ល្អាងភ្នំភ្នំពៅ, រមណីយដ្ឋានប្រាសាទឯកភ្នំ, អាងទឹកកំពីងពួយ, រមណីយដ្ឋានស្ទឹងថ្មដា រមណីយដ្ឋានទឹកធ្លាក់ ៥៣ ក្នុងស្រុកភ្នំព្រឹក, រមណីយដ្ឋាននគរជុំភ្នំព្រឹក, ភ្នំកំពូល, វត្តល្អាងកង្កែប, វត្តនាងរំសាយសក់, វត្តភ្នំជីហង្ស, រមណីយដ្ឋានវត្តភ្នំចំបាំង និងសហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំល្អាងភ្នំប្រាំពីរជាដើម។
គួរបញ្ជាក់ដែរថា គោលដៅទេសចរណ៍ ទាំងធំ ទាំងតូច ជាច្រើននៅក្នុងខេត្តបាត់ដំបង សម្រេចបិទផ្អាកដំណើរការទាំងស្រុងជាបណ្តោះអាសន្ននេះ ធ្វើឡើងស្របគ្នា ជាមួយនឹងប្រមុខរាជរដ្ឋាភិបាល កាលពីថ្មីៗកន្លងមកនេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការបិទមិនអនុញ្ញាត ឲ្យធ្វើដំណើរឆ្លងកាត់ចេញ ចូលពីខេត្តមួយ ទៅខេត្តមួយ ជាបណ្តោះអាសន្ន ក្នុងរង្វង់រយ:ពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃទី ៧ រហូតដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ ២០២១៕ដោយ៖សហការី