ខេត្តព្រៃវែង ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកពារាំង នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ បានចុះជួបមន្រ្តីថ្នាក់ឃុំទាំង៩ របស់ស្រុកពារាំង ខេត្តព្រៃវែង ដើម្បីបន្តអប់រំផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដែលបច្ចុប្បន្នកម្ពុជាកំពុងមានសន្ទុះកើនឡើងគួរឲ្យព្រួយបារម្ភ។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងការកោតសរសើរដល់មន្ត្រីអាជ្ញាធរគ្រប់ថ្នាក់ ដែលកន្លងមកនេះបានខិតខំប្រឹងប្រែងយកអស់ពីកម្លាំងកាយចិត្ត និងគ្រប់មធ្យោបាយដែលមាន ក្នុងការចូលរួមទប់ស្កាត់ការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ តាមការអំពាវនាវ និងចង្អុលបង្ហាញរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៍ដូចជាវិធានការនានារបស់ក្រសួងសុខាភិបាល។
ជាមួយនឹងកិច្ចខិតខំប្រឹងប្រែង និងលទ្ធផលដែលសម្រេចបានខាងលើ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន ក៍បានផ្ដាំផ្ញើដល់មន្រ្តីមូលដ្ឋាននូវវិធានការមួយចំនួនដែលត្រូវអនុវត្តបន្តនាពេលខាងមុខមានដូចជា៖
1. បង្កើនការគ្រប់គ្រងឱ្យបានល្អចំពោះអ្នកធ្វើចត្តាឡឺស័ក តាមរយៈការអប់រំដើម្បីឲ្យពលរដ្ឋទូទៅបានយល់ច្បាស់អំពីផលវិបាកនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដល់អាយុជីវិតផ្ទាល់ខ្លួន ក្រុមគ្រួសារ ក៏ដូចជាសង្គមជាតិទាំងមូល។
2. យកចិត្តទុកដាក់ផ្សព្វផ្សាយច្បាប់ សារាចរណែនាំរបស់រាជរដ្ឋាភិបាលអំពីការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេស ជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
3. នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខ យកចិត្តទុកដាក់ថែរក្សាការពារសុខភាពកុំឱ្យឆ្លងរោគកូវីដ-១៩ ដោយផ្អាករាល់ពិធីជួបជុំផ្សេងៗ ពិសេសអនុវត្តឲ្យបានម៉ឺងម៉ាត់វិធានការ ៣ការពារ ៣កុំ ដែល៣ការពារសំដៅដល់ការពាក់ម៉ាស់ លាងដៃ និងរក្សាគម្លាតសុវសុវត្ថិភាព និង៣កុំ គឺកុំទៅកន្លែងដែលមានមនុស្សច្រើនកុះករ កុំទៅកន្លែងដែលបិទជិតគ្មានខ្យល់ចេញចូល ប្រើម៉ាស៊ីនត្រជាក់ និងកុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នា ធ្វើគារវកិច្ចគ្នាជាដើម។
4. បន្តអប់រំណែនាំអំពីច្បាប់ស្តីពីការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ក្នុងគោលដៅដើម្បីការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ និងសុខភាពសាសាធារណៈ។
នៅក្នុងពិធីផ្សព្វផ្សាយស្តីពីវិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩នោះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន ក៍បាននាំយកម៉ាសចំនួន ១២០,០០០ម៉ឺនម៉ាស និង អាល់កុល ចំនួន ៨០ កាន ទៅផ្តល់ជូនសាលាស្រុក និងឃុំទាំង៩ របស់ស្រុកពារាំងផងដែរ៕
ដោយ៖ សុខ ខេមរា