ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញ បានបង្ហាញបុគ្គលិកធនាគារ «អេស៊ីលីដា» ម្នាក់ ឆ្លងកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភ្នំពេញ បានបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ១៩ ចំនួន១០៣នាក់ទៀត ដែលបានរកឃើញកើតជំងឺកូវីដ១៩ នៅថ្ងៃទី០៧ ខែមេសា ម្សិលមិញនេះ ហើយនៅក្នុងចំណោមអ្នកឆ្លងកូវីដ-១៩នេះ គឺមានម្នាក់ជាបុគ្គលិកធនាគារ«អេស៊ីលីដា»ផងដែរ។

បុគ្គលិកដែលឆ្លងកូវីដនោះមានឈ្មោះ ប្រាក់ សង្វាត ភេទប្រុសអាយុ ៣៧ ឆ្នាំ ជាបុគ្គលិកធនាគារអេស៊ីលីដា សាខាគីឡូម៉ែត្រលេខ៦ ទីលំនៅបច្ចុប្បន្នផ្ទះ (ចូលតាមក្លោងទ្វារវត្តច័ន្ទបុរីវង្ស ប្រហែល៤០ម៉ែត្រខាងឆ្វេងដៃ) ផ្លូវបេតុង ភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ។

ជាមួយគ្នានេះដែរ រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្លាប់ពាក់ព័ន្ធ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងរួសរាន់ទៅយកសំណាកនៅតាមទីតាំងដែលបានកំណត់ ក្នុងនោះមាន៖
មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត,មណ្ឌលសុខភាពចាក់អង្រែ
វិទ្យាល័យបាក់ទូក,វិទ្យាល័យបឹងត្របែក និងសាលាបឋមសិក្សាសុភមង្គល។
ព្រមទាំងត្រូវដាក់ខ្លួនឱ្យនៅដាច់ដោយឡែករយៈពេល១៤ថៃ្ង។
ទោះជាមានការលើកឡើងពីរដ្ឋបាលសាលារាជធានីភ្នំពេញដូចបញ្ជាក់ខាងលើនេះក៏ដោយ,ប៉ុន្តែខាងធនាគារអេស៊ីលីដា មិនទាន់ចេញសេចក្តីប្រកាសជូនដំណឹងពាក់ព័ន្ធនឹងករណីបុគ្គលិករបស់ខ្លួននៅឡើយទេ។
សូមបញ្ជាក់ជូនថា, នៅថ្ងៃទី៨ ខែមេសា​​ ឆ្នាំ២០២១​ មានករណីវិជ្ជមានវីរុសកូវីដ-១៩​ថ្មី​ ចំនួន១១៣នាក់​ (សហគមន៍ទាំង១១៣នាក់) និងមានអ្នកជាសះស្បេីយចំនួន​ ៩០នាក់​ក្នុង​នោះ​រួម​មាន​៖

រកឃើញអ្នកឆ្លងថ្មី ១១៣នាក់ទៀត (សហគមន៍ទាំង ១១៣នាក់) ក្នុងនោះមាន៖​ ភ្នំពេញ (១០៣) ព្រះសីហនុ (៣) កណ្ដាល (៣) ស្វាយរៀង (៣) កំពត (១)

គិតត្រឹមព្រឹក ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១
– អ្នកឆ្លងសរុប= ៣០២៨ នាក់
– អ្នកជាសះស្បើយ= ១៩១៤ នាក់
– អ្នកកំពុងព្យាបាល= ១០៨៥ នាក់
– អ្នកស្លាប់= ២៤ នាក់៕

ដោយ ៖ សិលា


ចែករំលែក៖