ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើកម៉ូតូមកចតទុកចោលមួយ​ភ្លែត​យកលុយ​ទៅបង់​ឲ្យម្ចាស់ផ្ទះថ្លៃបន្ទប់​ជួលត្រូវចោរលួច​យកទៅ​បាត់​

ចែករំលែក៖

ភ្នំពេញ​៖ បុរស​ម្នាក់​បានមក​ដាក់ពាក្យ​បណ្តឹង​ដើម្បីឱ្យសមត្ថកិច្ច​ជួយ​ធ្វើអន្តរាគមន៍​ក្រោយពេល​ចោរលួច​យកម៉ូតូ​របស់គាត់​ទៅ​បាត់​ដោយ​សុវត្ថិភាព​ ខណៈគាត់បើកមកចតទុកចោលរួចយកលុយទៅបង់ឲ្យម្ចាស់ផ្ទះថ្លៃបន្ទប់​ជួល។

   សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះ​​មានឈ្មោះ សូត សុខ​ហោ ភេទ​ប្រុស អាយុ​៤០ឆ្នាំ មុខរបរ​ជាជាងកាត់ដេរ ស្នាក់នៅ​ភូមិ​ស្នែង​រលើង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​

  បើតាមសម្តីជនរងគ្រោះ​បាន​ឱ្យដឹងថា​ នៅ​វេលាម៉ោង​១២​និង​៣០​នាទី​រសៀល​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០២១ រូបគាត់​បាន​ជិះ​ម៉ូតូ​ចេញពី​បន្ទប់​របស់គាត់​យកលុយ​ទៅបង់​​ឲ្យ​ម្ចាស់​ផ្ទះជួល​នៅ​ម្តុំ​ខាងក្រោយ​ផ្សារ​ដី​ហុយ ក្នុងភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ហើយក្រោយពេលដែល​រូបគាត់​ចាក់សោម៉ូតូ​ចត​ទុករួច​យកលុយ​ទៅឲ្យ​ម្ចាស់​ផ្ទះជួល​រួចមក ស្រាប់​តែមាន​ជនសង្ស័យ​២​នាក់

ជិះម៉ូតូម៉ាកហុងដាសេ​១២៥​មួយគ្រឿង​ពណ៌ខ្មៅ ​ពាក់​ស្លាក​លេខ​ភ្នំពេញ 1IP-6277 មក​ធ្វើ​សកម្មភាព​កាច់.កម៉ូតូ​របស់គាត់​​ម៉ាក​ស៊ុយ​ហ្ស៊ុយគី​ឡែត ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1FI-2787​យកទៅ​បាត់  ពេលនោះ​រូបគាត់​បាន​ដេញចាប់​ជនសង្ស័យ​ទាំង​២​នាក់​​ដែរ​ តែ​ជនសង្ស័យ​បាន​ព្យាយាម​ជិះ​ម៉ូតូ​របស់​គាត់គេចខ្លួនបាត់​ស្រមោល​ដោយ​សុវត្ថិភាព​។​

  បន្ទាប់ពី​កើតហេតុ​ម្ចាស់​ម៉ូតូ​បាន​ឲ្យ​កូន​ម្ចាស់​ផ្ទះជួល​ដឹក​មក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​ភ្នំពេញ​ថ្មី ​ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​ស្រាវជ្រាវ​ស្វែងរក​ម៉ូតូ និងជនសង្ស័យយកមកផ្តន្ទាទោសទៅតាមច្បាប់៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖