ព័ត៌មានទាន់ហេតុការណ៍៖

ផ្លូវនៅស្រុកចំនួន២​ជាប់ព្រំប្រទល់ខេត្តមណ្ឌលគិរី​ និងខេត្តស្ទឹងត្រែងបិទមិនឱ្យមានការចេញ-ចូលខេត្ត

ចែករំលែក៖

ខេត្តរតនគិរី៖ គិតត្រឹមរសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១នេះ ការបិទការធ្វើដំណើរចេញ-ចូលខេត្តរតនគិរី នៅស្រុកលំផាត់ជាប់ព្រំប្រទល់ខេត្តមណ្ឌលគិរី និងស្រុកកូនមុំជាប់ព្រំប្រទល់ខេត្តស្ទឹងត្រែង គឺស្ថានភាពមានលក្ខណៈស្ងប់ស្ងាត់ មិនមានការចរាចរណ៍ចេញចូលនោះទេ។

បិទការធ្វើដំណើរនេះ ត្រូវបានធ្វើឡើងប្រកបដោយការយកចិត្តទុកដាក់ពីកងកម្លាំងទាំង៣ប្រភេទ មន្រ្ដីជំនាញផ្នែកសុខាភិបាល និងមន្រ្ដីជំនាញស្រុក ប្រចាំការពេញ២៤ម៉ោងលើ២៤ម៉ោង ដើម្បីធានាឱ្យការអនុវត្តវិធានការនេះមានប្រសិទ្ធភាព។

រឹតបន្ដឹងការចេញចូលខេធ្វើឡើងក្រោមបទបញ្ជារបស់ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានដាក់បទបញ្ជាបិទដំណើរចេញ-ចូលខេត្តតាមព្រំប្រទល់សំខាន់ៗរយៈពេល១៤ថ្ងៃ ក្នុងគោលបំណងប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ពីភូមិសាស្ត្រ នៃខេត្តមួយទៅខេត្តមួយទៀតអនុវត្តតាមសេចក្តីសម្រេច របស់រាជរដ្ឋាភិបាលកម្ពុជាហាមឃាត់មិនឱ្យចេញចូលខេត្តធ្វើឡើងនៅស្រុកលំផាត់ ត្រង់ចំណុចអូរវាក់ ជាប់ព្រំប្រទល់ស្រុកកោះញែក ខេត្តមណ្ឌលគិរី និងស្រុកកូនមុំ ត្រង់ចំណុចគល់ស្ពានស្រែពក ដែលជាប់ព្រំប្រទល់ជាមួយខេត្តស្ទឹងត្រែង ។

លើកលែងតែដឹកជញ្ជូនទំនិញផ្លូវគោក ផ្លូវទឹក ផ្លូវដែក
-ការធ្វើដំណើររបស់មន្រ្ដីរាជការសាធារណៈក្នុងគោលដៅបំពេញការងារ ឬបេសកកម្ម (ត្រូវបង្ហាញប័ណ្ណសម្គាល់ការងារ, ឯកសារបេសកកម្ម និងឯកសារពាក់ព័ន្ធនានា)
-ការធ្វើដំណើររបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទក្នុងគោលដៅបំពេញភារកិច្ចរបស់ខ្លួន ដោយរួមទាំងការដឹកជញ្ជូនពលករដែលធ្វើដំណើរវិលត្រឡប់ពីក្រៅប្រទេស ចូលមកក្នុងព្រះរាជាណាចក្រកម្ពុជាទៅកាន់ស្រុកកំណើតក្នុងគោលបំណងដើម្បីធ្វើចត្តាឡីស័ក
-រថយន្ដពន្លត់អគ្គីភ័យ, រថយន្ដបម្រើសេវាដឹកជញ្ជូនសម្រាម, រថយន្ដសង្រ្គោះបន្ទាន់របស់ពេទ្យរដ្ឋ និងឯកជន
-ការដឹកជញ្ជូនកម្មករទៅកាន់ទីកន្លែងការងារ (តែត្រូវមានប័ណ្ណអនុញ្ញាតចេញដោយមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ)
-ការធ្វើដំណើររបស់ប្រជាពលរដ្ឋទៅកាន់មន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលនៅជិតបំផុត ដើម្បីទទួលបាននូវសេវាសុខភាពចាំបាច់ និងបន្ទាន់ ដោយមិនអោយលើស៤នាក់
-ការធ្វើដំណើរដោយមូលហេតុចាំបាច់ផ្សេងទៀតដោយមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច៕

ដោយ៖​ ជីវ័ន្ត


ចែករំលែក៖