ព័ត៌មានទាន់ហេតុការណ៍៖

លោកអភិបាលរងក្រុងស្វាយរៀងជាសះស្បើយពីជំងឺកូវីដ-១៩ ប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័ក ១៤ថ្ងៃ បន្ថែមទៀត

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោកសរ សុដានីអភិបាលរងក្រុងស្វាយរៀងបានឱ្យដឹងនៅរសៀលថ្ងៃទី៩ខែមេសាឆ្នាំ២០២១នេះថាលោកមានចិត្តរីករាយសប្បាយយ៉ាងខ្លាំងខណៈក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយជ្រំបានខិតខំប្រឹងប្រែងព្យាបាលរូបលោករហូតបានជាសះស្បើយពីជំងឺកូវីដ-១៩ ប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័ក ១៤ថ្ងៃបន្ថែមទៀត។

  លោកសរ សុដានីបន្តថា រូបលោកសូមលំឱនកាយគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកស្រីគតិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តស្វាយរៀង, លោកស្រី ដួង វណ្ណា តំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង, លោក ឌី វិជ្ជា ប្រធានស ស យ ក ខេត្តស្វាយរៀង, លោក ជុក មុន្នី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈក៏ដូចជា លោក ម៉ែន វិបុល អភិបាលខេត្ត , ប្រធានក្រុមប្រឹក្សាខេត្ត, លោកលោកស្រីជាថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់, មន្ត្រីរាជការ, ពុកម៉ែ មីងមាយាយតា បងប្អូនប្រជាពលរដ្ឋ និងមិត្តភក្តិជិតឆ្ងាយទាំងអស់។  លោកបន្ថែមថា ជាពិសេសកងទ័ព(អាវស) ដែលតែងតែលើកទឹកចិត្តដល់រូបលោកជានិច្ច ហើយព្យាបាលដោយយកចិត្តទុកដាក់បំផុត រហូតមកដល់ថ្ងៃនេះបានជាសះស្បើយហើយបានចេញពីកន្លែងព្យាបាល ប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃទៀតដើម្បីធានាថាសុខភាពខ្ញុំបាទមានសុខសុវត្ថិភាព ទើបអាចចេញទៅបន្តការងារបម្រើជូនរាជរដ្ឋាភិបាល និងបងប្អូនប្រជាពលរដ្ឋជាទីគោរពស្រលាញ់បន្តទៀត។

  លោកសង្ឃឹមថា អ្វីៗនឹងល្អប្រសើរឡើងវិញ និងសូមជូនពរបងប្អូនដែលកំពុងសម្រាកព្យាបាលសូមឆាប់ជាសះស្បើយទាំងអស់គ្នា ខណៈក្រុមគ្រួសារកំពុងរង់ចាំ។ មិនតែប៉ុណ្ណោះសូមបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធាន ៣ការពារ ៣កុំរបស់រាជរដ្ឋាភិបាលផងដែរ៕ យឹម សុថាន

ដោយ៖យឹម សុថាន


ចែករំលែក៖