ខេត្តកំពង់ចាម៖ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការការពារ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ នៅក្នុងខេត្តកំពង់ចាមលោកអ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ និងអភិបាលរងខេត្ត នៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ អញ្ជើញទទួលអំណោយពី សប្បុរសជន ជាសម្ភារៈបង្ការជំងឺកូវីដ-១៩ គ្រឿងឧបភោគ បរិភោគ និងថវិកា ពី សាខាធនាគារជាតិ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នានាប្រចាំខេត្តកំពង់ចាម។
ក្នុងឱកាសនោះលោក អ៊ុន ចាន់ដា បានថ្លែងអំណរគុណ ចំពោះលោកនាយកសាខា ធនាគារជាតិនៃកម្ពុជាប្រចាំខេត្តកំពង់ចាម និងអស់លោក លោកស្រី ដែលជាតំណាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជន ដែលបានជួយឧបត្ថម្ភគាំទ្រដល់រដ្ឋបាលខេត្តកំពង់ចាមនាពេលនេះ ដើម្បីជួយឧបត្ថម្ភដល់ការរៀបចំអាហារសម្រាប់បងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្ត និងចូលរួមការងារប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងខេត្ត។
លោកអភិបាលខេត្តបន្តថា អំណោយទាំងអស់នេះ គឺបានឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ន ដែលស្របពេលជម្ងឺដ៏កាចសាហាវមួយនេះបាមនឹងកំពុងគម្រាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋកម្ពុជា នៅក្នុងសហគមន៍ ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងពិភពលោក ជារៀងរាល់ថ្ងៃ។
ចំពោះអំណោយដែលរដ្ឋបាលខេត្តទទួលបាននាពេលនេះរួមមាន៖
១- ធានាគារជាតិនៃកម្ពុជា សាខាខេត្តកំពង់ចាម ឧបត្ថម្ភថវិកាចំនួន ២,០០០,០០០ រៀល។
២- ធនាគារ SACOM BANK សាខាខេត្តកំពង់ចាម ឧបត្ថម្ភ ទឹកអាល់កុល ៣កាន ម៉ាស ២,៥០០ បន្ទះ, មីម៉ាម៉ា ២កេសធំ, និងទឹកបរិសុទ្ធ ១០ កេស។
៣- ក្រុមហ៊ុនមិត្តហ្វូន សាខាខេត្តកំពង់ចាម ឧបត្ថម្ភ ម៉ាសចំនួន ៤៥០ប្រអប់, ទឹកអាល់កុលលាងដៃចំណុះ ២៥០ml ចំនួន ១៩២ដប។
៣- ធនាគារ AMK សាខាខេត្តកំពង់ចាម ឧបត្ថម្ភ ម៉ាស៥០ ប្រអប់ និងទឹកបរិសុទ្ធ ១៥ កេស៕
ដោយ៖ សូរិយា