ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូមួយគ្រឿងម្នាក់ឯងតាមដងផ្លូវ ស្រាប់តែត្រូវបានរថយន្តហុីយ៉ាន់ដាយដឹកទំនិញធុនធំបើកបុកពីក្រោយ និងកិនអូសជិត១០ម៉ែត្របណ្ដាលឲ្យស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ កាលពីវេលាម៉ោង១ និង ៣០នាទីរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅត្រង់ចំណុចគល់ស្ពានព្រែកជ្រៃ ក្នុងភូមិបារគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
តៃកុងរថយន្តបង្កហេតុឈ្មោះ ប៉ក់ កវី ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិព្រៃតាម៉ៅ ឃុំគីរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ ។ ចំណែកសពជនរងគ្រោះមានឈ្មោះ សុឹម ចាន់ឌឿន ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិពពេល ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកហុងដាស្កូពី ពណ៌ក្រហម ពាក់ស្លាកលេខកំពង់ធំ 1D-6269 តាមបណ្ដោយផ្លូវលេខ២១៧ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុក៏មានរថយន្តម៉ាកហុីយ៉ាន់ដាយ (ប្រភេទដឹកទំនិញធុនធំ)ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 3A-2722 បានបើកមកពីក្រោយក្នុងល្បឿនលឿន ក៏ជ្រុលទៅបុកម៉ូតូពីក្រោយ និងកិនជនរងគ្រោះអូសជិត១០ម៉ែត្របណ្ដាលឱ្យជនរងគ្រោះស្លាប់ក្នុងថ្លុកឈាមនៅនឹងកន្លែងកើតហេតុ ចំណែកតៃកុងរថយន្តបង្កហេតុត្រូវបានប្រជាពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ច ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់និងទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ឲ្យមកធ្វើការវាស់វែងយករថយន្តបង្ក ព្រមទាំងនាំតៃកុង និងយកម៉ូតូជនរងគ្រោះទៅកាន់ការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីដោះស្រាយគ្នាទៅតាមផ្លូវច្បាប់នាពេលក្រោយ ។ រីឯសពជនរងគ្រោះសមត្ថកិច្ចបានធ្វេីកំណត់ហេតុ និងទាក់ទងទៅខាងក្រុមគ្រួសារឲ្យមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ ៖ភារ៉ាដង្កោ