ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងត្បូង៖​ ដោយក្ដីបារម្ភពីរលកទី៤ នៃកូវីដ-១៩​ សម្រេច​បង្គាប់ឲ្យបិទក្លឹបកម្សាន្ត, បារ​ និងខារ៉ាអូខេ​ ជាបណ្ដោះអាសន្ន

ចែករំលែក៖

អន្តរជាតិ​៖ បើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រទី០៩ ខែមេសា ឆ្នាំ២០២១នេះ​ បានចុះផ្សាយថា​ អាជ្ញាធរកូរ៉េខាងត្បូង បានប្រកាសនៅថ្ងៃសុក្រនេះ​ថា​ នឹងដាក់បំរាមជាថ្មីលើក្លឹបកម្សាន្តពេលរាត្រីដូចជា​ បារ ខារ៉ាអូខេ និងកន្លែងកម្សាន្តពេលរាត្រីផ្សេងៗទៀត។ បន្ទាប់ពីចំនួនករណីឆ្លងជំងឺ COVID-19 បានកើនឡើងយ៉ាងគំហុកដែលបង្កឲ្យមានការភ័យខ្លាចយ៉ាងខ្លាំងចំពោះការផ្ទុះឡើងនូវរលកទី៤នៃជំងឺឆ្លងរាតត្បាត ដ៏កាចសាហាវមួយនេះ។

បេីតាមលោក ជុង សេគ្យុន (Chung Sye-kyun) នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង​ បានប្រកាសពីវិធានការទប់ស្កាត់ដែលនឹងចូលជាធរមាននៅថ្ងៃចន្ទសប្ដាហ៍ក្រោយនេះ សម្រាប់រយៈពេល ០៣សប្តាហ៍ បន្ទាប់ពីករណីឆ្លងថ្មីៗប្រចាំថ្ងៃបានកើនឡើងដល់កម្រិតខ្ពស់បំផុត ក្នុងរយៈពេល ០៣ខែនាប៉ុន្មានថ្ងៃថ្មីៗនេះ។

ជាក់ស្ដែង​បច្ចុប្បន្ននេះ បំរាមគោចរនេះ​ ចាប់ផ្ដេីមធ្វេីឡេីងនៅវេលាម៉ោង ១០​ និង០០នាទីយប់, ដោយ​ការហាមឃាត់ការបរិភោគអាហារពេលល្ងាច, ការហាមឃាត់ការជួបជុំមនុស្សលើសពី៤នាក់ នឹងត្រូវរក្សាការអនុវត្តដដែល។

ជាមួយគ្នានេះ​ នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង​រូប​នេះ​ បានគូសបញ្ជាក់ប្រាប់នៅក្នុងកិច្ចប្រជុំប្រចាំថ្ងៃស្តីពីជំងឺឆ្លងរាតត្បាតថា៖ «សញ្ញារលកទី៤ នៃជំងឺឆ្លងរាតត្បាតដែលយើងបានខិតខំប្រឹងប្រែង ប្រយុទ្ធប្រឆាំងនឹងវានេះគឺកាន់តែខិតជិតមកដល់ហើយ និងកាន់តែខ្លាំងឡើងហើយ។ យើងនឹងរក្សាវិធានការរក្សាគម្លាតនាពេលបច្ចុប្បន្ននេះដដែល ប៉ុន្តែនឹងពង្រឹងវិធានការជាក់លាក់ផ្សេងៗបន្ថែម អាស្រ័យលើស្ថានភាព»។

ដោយឡែក​បើតាមទីភ្នាក់ងារត្រួតពិនិត្យ និងបង្ការជំងឺកូរ៉េខាងត្បូង (KDCA) នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងថ្មីៗចំនួន ៦៧១ករណី ដែលនាំឱ្យករណីឆ្លងសរុបបានកើនឡើងដល់ ១០៨,២៦៩ករណី ក្នុងនោះមានអ្នកស្លាប់ ១,៧៦៤នាក់ និងជាសះស្បើយឡើងវិញ ៩៨,៧៨៦នាក់៕ដោយ​៖ស​ តារា​

លោក ជុង សេគ្យុន (Chung Sye-kyun) នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង​។

រូបភាព​៖Kang Chang-kwang


ចែករំលែក៖