ព័ត៌មានទាន់ហេតុការណ៍៖

រាជរដ្ឋាភិបាលចេញអនុក្រឹត្យ ស្ដីពីអនុវត្តអាករបន្ថែមចំពោះពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក

ចែករំលែក៖

ភ្នំពេញ៖ រាជរដ្ឋាភិបាលចេញ អនុក្រឹត្យ ស្តីពីការអនុវត្តអាករលើតម្លៃបន្ថែមចំពោះពាណិជ្ជកម្មតាមប្រព័ន្ធរអេឡិចត្រូនិក ,គោលបំណងនិងគោលដៅ

អនុក្រឹត្យនេះ កំណត់អំពីលក្ខខណ្ឌពិសេស និងដាក់ចេញនូវយន្តការអនុវត្តអាករលើតម្លៃបន្ថែមលើទំនិញ ឌីជីថល និងសេវាឌីជីថលដែលធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក សម្រាប់ប្រើប្រាស់ក្នុងព្រះរាជាណាចក្រ កម្ពុជា និងធ្វើការផ្គត់ផ្គង់ដោយអ្នកជាប់ពន្ធអនិវាសនជនដែលមិនមានគ្រឹះស្ថានអចិន្ត្រៃយ៍នៅព្រះរាជាណាចក្រ កម្ពុជា ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តស្របតាមមាត្រា៧៥ នៃច្បាប់ស្តីពីសារពើព័ន្ធ។

វិសាលភាព, អនុក្រឹត្យនេះ មានវិសាលភាពអនុវត្តចំពោះការផ្គត់ផ្គង់ទំនិញឌីជីថល ឬសេវាទីជីថលតាមប្រព័ន្ធ អេឡិចត្រូនិក ឬរាល់សកម្មភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកដែលធ្វើឡើងដោយអ្នកផ្គត់ផ្គង់អនិវាសនជន នៅក្រៅព្រះរាជាណាចក្រកម្ពុជា មកក្នុងព្រះរាជាណាចក្រកម្ពុជា។ ដោយឡែកចំពោះសកម្មភាពពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវអនុវត្តតាមបទប្បញ្ញត្តិស្តីពីអាករលើតម្លៃបន្ថែម។

និយមន័យ, វាក្យសព្ទសំខាន់ៗ ដែលប្រើក្នុងអនុក្រឹត្យនេះ ត្រូវបានកំណត់និយមន័យ ដូចខាងក្រោម៖
១. ពាក្យ “ការផ្គត់ផ្គង់ទំនិញ ឬសេវា ពីអាជីវកម្មទៅអាជីវកម្ម (Business to Business – B2B)” សំដៅដល់ការផ្គត់ផ្គង់ទំនិញ ឬសេវា ពីសហគ្រាសមួយទៅសហគ្រាសមួយទៀត។
២. ពាក្យ“ការផ្គត់ផ្គង់ទំនិញ ឬសេវា ពីអាជីវកម្មទៅអ្នកប្រើប្រាស់ (Business to Consumer – B2C)” សំដៅដល់ការផ្គត់ផ្គង់ទំនិញ ឬសេវា ពីសហគ្រាសទៅអ្នកប្រើប្រាស់។
៣. ពាក្យ “ទំនិញឌីជីថល សំដៅដល់ទំនិញអរូបីដែលត្រូវបានបញ្ជាទិញ ផ្គត់ផ្គង់ និងបញ្ជូនទាំងស្រុង តាមប្រព័ន្ធអេឡិចត្រូនិក។
៤. ពាក្យ “ សេវាឌីជីថល ” សំដៅដល់សេវាដែលត្រូវបានធ្វើប្រតិបត្តិការតាមប្រព័ន្ធអេឡិចត្រូនិក។
៥. ពាក្យ “ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (Electronic Commerce) សំដៅដល់សកម្មភាព ទិញ លក់ ជួល ផ្លាស់ប្តូរទំនិញ ឬសេវា ដោយរាប់បញ្ចូលទាំងសកម្មភាពពាណិជ្ជកម្ម និងរដ្ឋប្បវេណី តាមប្រព័ន្ធអេឡិចត្រូនិក។ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក រួមមាន សកម្មភាព ឬប្រតិបត្តិ ការអាជីវកម្មដោយមិនកម្រិតត្រឹមតែទម្រង់ដូចមានក្នុងទុបសំម្ព័ន្ធនៃអនុក្រឹត្យនេះ។
៦. ពាក្យ “ វិធីគិតអាករជំនួស (Reverse Charge) សំដៅដល់វិធីសាស្រ្តដែលបុគ្គលទទួលការផ្គត់ផ្គង់ ទំនិញឌីជីថល ឬសេវាឌីជីថលតាមប្រព័ន្ធអេឡិចត្រូនិក ត្រូវគិតអាករលើតម្លៃបន្ថែមជំនួសបុគ្គល ដែលផ្គត់ផ្គង់លើតម្លៃជាប់អាករ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖