ខេត្តមណ្ឌលគិរី៖ បុរសម្នាក់បានរងរបួសបាក់.កជេីង បន្ទាប់ពីដេីរក្នុងព្រៃក៏ជួបនិងសត្វដំរីព្រៃកំពុងធ្វើសកម្មភាព ជាន់ទន្ទ្រានផលដំណាំ ពេលនោះដំរី ឃេីញមនុស្សទៅដល់បានដេញជាន់ទាំងកំរោល ប៉ុន្តែមិនមានមនុស្សស្លាប់នោះទេ។
បើតាមមន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលរមនា បានឲ្យដឹងថា ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១២និង៤៥ នាទី ថ្ងៃត្រង់ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី។
ជនរងគ្រោះ មានឈ្មោះ ភឿន កាវី ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិព្នង បច្ចុប្បន្ន រស់នៅភូមិ ពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។
ប្រភពដដែលបន្តថា ក្នុងហេតុការណ៍ខាងលើនេះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរមនា បានទទួលដំណឹងថា មានដំរីព្រៃ បានបំផ្លិចបំផ្លាញដំណាំ របស់ប្រជាពលរដ្ឋ និងផ្ទះចំការរបស់ពួកគាត់ ក៏បានទំនាក់ទំនងទៅកម្លាំងប៉ុស្តិ៍ និងសហការជាមួយកម្លាំងជំនាញបរិស្ថាន ព្រមទាំងប្រជាពលរដ្ឋជាម្ចាស់ដំណាំចុះទៅទីនោះ។
លុះពេលទៅដល់កន្លែងកើតហេតុ បានជួបប្រទះដំរីព្រៃ កំពុងធ្វើសកម្មភាព ជាន់ទន្ទ្រានផលដំណាំ ពេលនោះសត្វដំរីមួយក្បាលនោះឃើញមនុស្សទៅដល់ស្រាប់តែដេញជាន់កម្លាំងសមត្ថកិច្ច និងប្រជាពលរដ្ឋបណ្ដាលឲ្យប្រជាពលរដ្ឋម្នាក់ រងគ្រោះថ្នាក់ ដោយដួលបាក់.ក ជើងខាងឆ្វេង។
ទាក់ទិននឹងករណីនេះដែរលោក កាន់ ពេញ អធិការនគរបាល ក្រុងសែនមនោរម្យ បានបញ្ជាក់ថា ដំរីមួយក្បាលនេះ ជារៀងរាល់ឆ្នាំ គឺតែងតែចេញមក ជាន់បំផ្លិចបំផ្លាញផលដំណាំរបស់ប្រជាពលរដ្ឋ។ ដូច្នេះលោក បានស្នើឲ្យពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះដំរីមួយក្បាលនេះ ងាយនឹងបង្កគ្រោះថ្នាក់ដល់ពួកគាត់ដែលរស់នៅតំបន់នោះ៕ដោយ៖សហការី