ព័ត៌មានទាន់ហេតុការណ៍៖

ខេត្តសៀមរាបរកឃើញអ្នកពាក់ព័ន្ធ និងដាក់ចត្តាឡីស័ក មនុស្ស១៩នាក់ ដែលពាក់ព័ន្ធនឹងស្ត្រីមានវិជ្ជមានជំងឺកូវីដ-១៩ កាលថ្ងៃម្សិលមិញ !

ចែករំលែក៖

ខេត្តសៀមរាប៖ បើយោងតាមប្រភពពី រដ្ឋបាលខេត្តសៀមរាប និងអង្គភាពមន្ទីរព័ត៌មានខេត្តបានអោយដឹងថា, នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ម្សិលមិញនេះ សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានក្រុង-ស្រុក ឃុំ-សង្កាត់ នៃខេត្តសៀមរាប បានរកឃើញអ្នកពាក់ព័ន្ធចំនួន ១៩នាក់ ដែលបានជិះរថយន្តក្រុង ជាមួយស្ត្រីវ័យ ៤៦ឆ្នាំ មានវិជ្ជមានជំងឺកូវីដ-១៩ ហើយ។

រដ្ឋបាលសាលាខេត្ត បានចុះផ្សាយបានបញ្ជាក់ថា សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន បានចុះទៅដល់លំនៅដ្ឋានអ្នកពាក់ព័ន្ធទាំង១៩នាក់នោះ និងបានណែនាំដល់ពួកគាត់ឲ្យធ្វើចត្តាឡីស័ក ដោយដាក់ខ្លួនឲ្យនៅដាច់ដោយឡែកពីអ្នកដទៃ និងត្រៀមបន្តយកសំណាកមកធ្វើតេស្តរកជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី១០ ខែមេសានេះ។

គួរជម្រាបថា តាមចុះផ្សាយរបស់រដ្ឋបាលខេត្តកាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ ស្ត្រីឈ្មោះ ចាប នី វ័យ៤៦ឆ្នាំ រស់នៅភូមិគោកតាចាន់ សង្កាត់គោកចក ក្រុងសៀមរាប ត្រូវបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ថ្មី នៅយប់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១។

ស្ត្រីរូបនេះ បានចាកចេញពីខេត្តស្វាយរៀង ឆ្លងកាត់រាជធានីភ្នំពេញ ឆ្ពោះមកកាន់ខេត្តសៀមរាប កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ តាមរយៈរថយន្តក្រុង ស្លាកលេខ 3D-9211 រួមនិងអ្នកដំណើរ១៩នាក់ផ្សេងទៀត។ ជាមួយនោះ រដ្ឋបាលខេត្ត បានសម្រេចចាត់វិធានការបិទទីតាំងមួយចំនួនក្នុងក្រុង រួមមាន៖ ផ្សារភូមិភាគ៤ ស្ថិតភូមិខ្វៀន សង្កាត់គោកចក មន្ទីរសម្រាកព្យាបាល ឆាយ លាង ស្ថិតនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប និងទីតាំងមួយចំនួន ដែលនឹងជូនដំណឹងនាពេលបន្ទាប់៕

ដោយ ៖ សិលា


ចែករំលែក៖