ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់បានស្លាប់នៅនឹងកន្លែងខណៈបើកម៉ូតូវ៉ាជែងម៉ូតូឡាំប្រឺតាទាក់ដៃចង្កូត បណ្តាលឱ្យដួលត្រូវរថយន្តស្ទូចកិន

ចែករំលែក៖

ភ្នំពេញ ៖ យុវជនម្នាក់បើកម៉ូតូលឿន មិនប្រយ័ត្ន វ៉ាជែងម៉ូតូឡាំប្រឺតាទាក់ដៃចង្កូតបណ្តាលឱ្យដួលខ្ទាតចូលក្រោមកង់រថយន្តស្ទូចកិនស្លាប់ភ្លាមៗនៅនឹងកន្លែង។ 

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ៣០ម៉ែត្រ ខាងមុខបុរីសន្តិភាព២ ក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថាសពមានឈ្មោះ រិន ណារ៉ុង អាយុ ២៦ឆ្នាំ ទីកន្លែងកំណើត ឃុំទួលពេជ្រ ស្រុកអង្គស្នួល ខេត្តកណ្ដាល (មុខរបរកម្មកររោងចក្រ)។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញម៉ូតូឡាំប្រឺតា មិនចាំស្លាកលេខ បានធ្វើដំណើរតាមបណ្ដោយផ្លូវ៣០ម៉ែត្រ ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូ ម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GS-0175 បើកបរដោយយុវជនម្នាក់ យ៉ាងលឿន មិនប្រយ័ត្ន បានវ៉ាជែងម៉ូតូឡាំប្រឺតាទាក់ដៃចង្កូតបណ្ដាលឱ្យដួលបោកនឹងថ្នល់ខ្ទាតចូលក្រោមកង់រថយន្តស្ទូច ពណ៌សខៀវ ពាក់ស្លាកលេខ កណ្តាល 3A-1319 ដែលធ្វើដំណើរតាមបណ្ដោយផ្លូវ៣០ម៉ែត្រ ក្នុងទិសដៅ ស្របទិសគ្នា ជាន់ហ្វ្រ័ងមិនស៊ីជ្រុលកិនយុវជនម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកអ្នកបើករថយន្តស្ទូចបានរត់គេចខ្លួនបាត់។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់កន្លែងកើតហេតុ បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ឱ្យចុះមកវាស់វែងយករថយន្ត និងម៉ូតូយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាតាមនីតិវិធី។ ចំណែកឯ សពសមត្ថកិច្ចធ្វើការកំណត់ហេតុរួចរាល់ប្រគល់ជូនឱ្យក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖