ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបុកគ្នាចំនួន២គ្រឿងរួមទាំងម៉ូតូសណ្ដោងរុឺម៉ក លក់សម្លៀកបំពាក់មួយគ្រឿងទៀត

ចែករំលែក៖

ភ្នំពេញ៖ រថយន្តកូរ៉េមួយគ្រឿងបើកក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ខណៈមកដល់ចំណុចផ្លូវបំបែកជាបួនក៏ជ្រុលល្បឿនទៅបុករថយន្តមួយគ្រឿងដែលកំពុងបើកឆ្លងផ្លូវ រួចបន្តលឿនទៅបុកម៉ូតូសណ្ដោងរុឺម៉កលក់សម្លៀកបំពាក់មួយគ្រឿងទៀត បណ្ដាលឱ្យមានមនុស្សរបួសស្រាល។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ តាមបណ្ដោយផ្លូវលេខ៦១៦ កែងផ្លូវលេខ១១៣ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តកូរ៉េមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2X-0560 បើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវលេខ១១៣ក្នុងទិសដៅពីជើងទៅត្បូងដោយប្រើល្បឿនលឿន ខណៈពេលមកដល់ចំណុចផ្លូវបំបែកជាបួន ស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាក Lexus Rx330 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AF-6188 បើកដោយនារីម្នាក់តាមបណ្ដោយផ្លូវលេខ ៦១៦ក្នុង ទិសដៅពីលិចទៅកើត ពេលកំពុងឆ្លងផ្លូវបំបែកជាបួន ស្រាប់តែរថយន្តកូរ៉េជ្រុលល្បឿនមកបុករថយន្ត Lexus Rx330 ចំផ្នែកចំហៀងខាងឆ្វេងពេញទំហឹង រួចរថយន្តកូរ៉េបន្តល្បឿនទៅបុកម៉ូតូសណ្ដោងរ៉ឺម៉កលក់សម្លៀកបំពាក់មួយគ្រឿងទៀត ដែលបើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នាជាមួយ រថយន្ត Lexus Rx330 បណ្ដាលឱ្យរងការខូចខាតបន្តិចបន្តួច ចំណែករថយន្ត Lexus Rx330 រងការខូចខាតទ្វារចំហៀងខាងឆ្វេងស្ទើរតែទាំងស្រុង ហើយរយន្តកូរ៉េរងការខូចខាតផ្នែកខាងមុខអស់ជាច្រើនផងដែរ។ ភ្លាមៗនោះម្ចាស់រថយន្តកូរ៉េបានចុះពីលើរថយន្តរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកតែរថយន្ត នៅកន្លែងកើតហេតុតែប៉ុណ្ណោះ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន រួមជាមួយកម្លាំងសមត្ថកិច្ចជំនាញ បានចុះមកដល់ទីតាំងកើតហេតុ រួចធ្វើការវាស់វែងយករថយន្តកូរ៉េទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រង់ចាំធ្វើការដោះស្រាយ។ ចំណែករថយន្ត Lexus Rx330 និងម៉ូតូសណ្ដោងរុឺម៉កលក់សម្លៀកបំពាក់សម្រេចចិត្តយកទៅជួសជុលរៀងៗខ្លួនដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕

ដោយ៖ រ៉ារ៉ា


ចែករំលែក៖