ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធររាជធានីភ្នំពេញ ចេញសេចក្តីណែនាំស្តីពី ការសម្រួលការធ្វើដំណើររបស់អ្នកដែលត្រូវផ្តល់អាទិភាពក្នុងអំឡុងពេលអនុវត្តវិធានការបិទខ្ទប់ ក្នុងភូមិសាស្រ្តរាជធានីភ្នពេញ

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីណែនាំ ស្តីពី ការសម្រួលការធ្វើដំណើររបស់អ្នកដែលត្រូវផ្តល់អាទិភាពក្នុងអំឡុងពេល អនុវត្តវិធានការបិទខ្ទប់ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ។
យោង៖ សេចក្តីសម្រេចលេខ ៥០ សសរ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការសម្រួលវិធានការដែលត្រូវអនុវត្តក្នុងអំឡុងពេលបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

ដើម្បីធានាប្រក្រតីភាពនៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ស្របតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើដំណើរក្នុងភូមិសាស្ត្ររាជធានីភ្នំពេញក្នុងអំឡុងពេលបិទខ្ទប់ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដល់ ដែលត្រូវផ្តល់អាទិភាពធ្វើដំណើរ ដូចតទៅ៖
១. រៀបចំបញ្ជីឈ្មោះបុគ្គលិក កម្មករ-កម្មការិនីនៃទីតាំងអាជីវកម្មរបស់ខ្លួន ដោយត្រូវកាត់បន្ថយនូវចំនួន មកនៅត្រឹមកម្រិតអប្បបរមាមិនឱ្យលើសពី ០២ (ពីរ) ភាគរយ នៃចំនួនបុគ្គលិក ឬកម្មករ-កម្មការិនីសរុប (ភ្ជាប់បញ្ជីឈ្មោះបុគ្គលិកនិងកម្មករសរុប) និងត្រូវភ្ជាប់មកជាមួយនូវឯកសារបញ្ជាក់ធានាអះអាងចំនួន ០២ (ពីរ ) ភាគរយ នៃបុគ្គលិក កម្មករ-កម្មការិនី ពីម្ចាស់សហគ្រាស ឬម្ចាស់អាជីវកម្មដ្ឋាន
២. ត្រូវស្នើសុំទៅអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានីភ្នំពេញ ឬនៅការិយាល័យច្រកចេញចូល តែមួយនៃរដ្ឋបាលខណ្ឌទាំង១៤ ពិសេស ក្នុងមូលដ្ឋានខណ្ឌដែលទីតាំងអាជីវកម្មរបស់ខ្លួនតាំងនៅ ដើម្បីចេញលិខិតបញ្ជាក់អំពីការធ្វើដំណើរចេញចូលក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ជូនដល់ម្ចាស់អាជីវកម្ម និងបុគ្គលិក កម្មករ – កម្មការិនី
៣. រដ្ឋបាលរាជធានីភ្នំពេញ នឹងបង្កើតគ្រុប Telegram សម្រាប់ឱ្យអ្នកដែលត្រូវបានផ្តល់អាទិភាពរស្នើសុំ តាម Onlineដែលនឹងជូនដំណឹងតាមសារព័ត៌មាន និង Page របស់រដ្ឋបាលរាជធានីភ្នំពេញព្រម ទាំង Page របស់រដ្ឋបាលខណ្ឌទាំង១៤។
ទទួលបានសេចក្ដីណែនាំនេះ នាយករដ្ឋបាលសាលារាជធានីភ្នំពេញ ស្នងការនគរបាលរាជធានីភ្នំពេញ មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ អភិបាល នៃគណៈអភិបាលខណ្ឌទាំង១៤ ប្រធានមន្ទីរ -អង្គភាពពាក់ព័ន្ធ នានាចំណុះរដ្ឋបាលរាជធានីភ្នំពេញ សាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ជ្រាប និងចូលរួមអនុវត្ត ឱ្យមាន ប្រសិទ្ធភាពខ្ពស់៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖