ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់ដែលមានវិជ្ជមានមេរោគកូវីដ-១៩ ត្រូវបានបានអាជ្ញាធរ និង សមត្ថកិច្ច ចាប់ដាក់ឡើងរថយន្តយកមកធ្វើការព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ក្រោយពីបុរសម្នាក់បានធ្វើដំណើរទៅដល់ផ្ទះនៅភូមិស្នាពេជ្រ ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កាលពីល្ងាចថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១។
លោកវេជ្ជបណ្ឌិត គង់ ច័ន្ទធា បានប្រាប់ឲ្យដឹងថា បុរសម្នាក់នេះមាន ឈ្មោះ អ៊ុន មុន្នីរតនៈ អាយុ៣១ឆ្នាំ មានទីនៅផ្ទះលេខ2Eo ផ្លូវលេខ៥៩២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ បុរសរូបនេះបានធ្វើសំណាកនៅភ្នំពេញ បន្ទាប់ពីដឹងថា ខ្លួនមានវិជ្ជមានកូវីដ-១៩ រូបគេបានចេញពីផ្ទះដោយដើរដោយថ្មើរជើងសំដៅមកស្រុកកំណើត នៅពេលដែលដើរមកបានពាក់កណ្តាលផ្លូវ រូបគេបានជិះផាសអាប់ បន្តមកដល់ស្រុកកំណើត ដល់ផ្ទះឈ្មោះ កង ទិត្យ ដោយសារម្ចាស់ផ្ទះបានដឹងមុនពីការបាត់ខ្លួនរបស់ អ៊ុន មុន្នីរតនៈ ដែលវិជ្ជាមានកូវីដ-១៩ ក៏ប្រាប់ឲ្យបុរសរូបនេះ ឈប់នៅក្រៅរបងផ្ទះ ហៅសមត្ថកិច្ចមកយកតែម្តង ។
លោកវេជ្ជបណ្ឌិតបានឲ្យដឹងទៀតថា បុរសមានវិជ្ជមានកូវីដ-១៩ម្នាក់ធ្វើដំណើរមកពីក្រុងភ្នំពេញចូលមកស្រុកកំណើតត្រូវបានប្រជាពលរដ្ឋរាយការណ៍ជូនសមត្ថកិច្ច ហើយត្រូវបានសមត្ថកិច្ចនិងក្រុមគ្រូពេទ្យ ដឹកបញ្ជូនយកមកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង កាលពីល្ងាចថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ។
លោកវេជ្ជបណ្ឌិតក៏បានសុំអំពាវនាវដល់អ្នករត់ផាសអាប់ ដែលបានដឹកបុគ្គលវិជ្ជមានកូវីដ-១៩ខាងលើនេះមេត្តាមកសហការជាមួយសមត្ថកិច្ច និងក្រុមគ្រូពេទ្យ ដើម្បីធ្វើចត្តាឡីស័ក និងយកសំណាកទៅវិភាគរកមេរោគកូវីដ-១៩ ចៀសវាងការឆ្លងរីករាលដាលដល់ក្រុមគ្រួសាររបស់ខ្លួន ក៏ដូចជាក្នុងសហគមន៍របស់យើងផងដែរ៕
ដោយ៖ ចន្ថា