ព័ត៌មានទាន់ហេតុការណ៍៖

ផ្អាកដំណើរការជាបណ្ដោះអាសន្នផ្សារបឹងត្របែកផ្លាហ្សា រយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៩ ខែមេសា ដល់ថ្ងៃទី០២ ខែឧសភា

ចែករំលែក៖

ភ្នំពេញ៖ អាជ្ញាធរខណ្ឌចំការមន ចេញសេចក្ដីជូនដំណឹង ស្ដីពីការផ្អាកដំណើរការជាបណ្ដោះអាសន្នផ្សារបឹងត្របែកផ្លាហ្សា រយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៩ ខែមេសា ដល់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ-១៩ ទៅដល់បងប្អូនអាជីវករ អតិថិជន ក៏ដូចជាប្រជាពលរដ្ឋដែលចេញ-ចូលផ្សារនេះ។

រដ្ឋបាលខណ្ឌចំការមន សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសអាជីករ និងអតិថិជន ទាំងអស់ ដែលបានចេញ-ចូលផ្សារបឹងត្របែកផ្លាហ្សា ឱ្យបានជ្រាបថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានបងប្អូនអាជីវករ និងកម្លាំងសន្តិសុខផ្សារមួយចំនួន បានឆ្លងវិរុសកូវីដ-១៩ ក្នុង «ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ២០២១» ដែលស្ថានភាពនេះ បានរីករាលដាលជាបន្តបន្ទាប់ ច្រើនតូប និងមានទីតាំងខុសៗគ្នា ក្នុងបរិវេណផ្សារគួរឱ្យព្រួយបារម្ភ និងចាំបាច់ត្រូវមានវិធានការសុខាភិបាលដើម្បីទប់ស្កាត់ជាបន្ទាន់។

ចំពោះមុខ រដ្ឋបាលខណ្ឌចំការមន សូមផ្អាកដំណើរការជាបណ្តោះអាសន្នផ្សារបឹងត្របែក ផ្លាហ្សា រយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ដល់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ ការឆ្លងរីករាលវីរុសកូវីដ-១៩ ទៅដល់បងប្អូនអាជីវករ អតិថិជន ក៏ដូចជាប្រជាពលរដ្ឋដែលចេញ-ចូលផ្សារនេះ។

ទន្ទឹងនឹងនេះ រដ្ឋបាលខណ្ឌចំការមន សូមអំពាវនាវដល់បងប្អូនអាជីវករ សន្តិសុខ បុគ្គលិក-កម្មករបមើ កាងារក្នុងផ្សារ និងក្រុមគ្រួសារអាជីវករពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋដែលបានចេញ-ចូលផ្សារនេះ គិតចាប់ពី ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ មក ដែលមិនទាន់បានអញ្ជើញមកយកសំណាក ត្រូវរួសរាន់ទៅយកសំណាក តេស្តរកមេរោគកូវីដ-១៩ ជាបន្ទាន់ នៅក្នុងបរិវេណវិទ្យាល័យបឹងត្របែក ព្រមទាំងត្រូវអនុវត្តវិធានចត្តាឡីស័ក ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវបំផុត។

រដ្ឋបាលខណ្ឌចំការមន មានក្តីសង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋ និងសាធារណជន ជាពិសេស អាជីវករទាំងអស់ ដែលកំពុងប្រកបអាជីវកម្មនៅក្នុងមូលដ្ឋានផ្សារបឹងត្របែកផ្លាហ្សា និងជុំវិញផ្សារ មានការ យោគយល់អធ្យាស្រ័យ និងចូលរួមអនុវត្តសេចក្ដីជូនដំណឹងនេះ ឱ្យមានប្រសិទ្ធិភាពខ្ពស់៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖