ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីជូនដំណឹង ស្តីពីការសុំទោសជាសាធារណៈរបស់សារព័ត៌មាន Vice Asia ចំពោះក្រុមគ្រួសារជនរងគ្រោះ និងប្រជាជនកម្ពុជា ចំពោះការកែរូបថតជនរងគ្រោះនៅសារមន្ទីរទួលស្លែង

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានកិត្តិយសសូមជម្រាបជូនសាធារណជនជ្រាបថា៖ ក្រោយមានប្រតិកម្មពី សាធារណជនជាតិ អន្តរជាតិ និង វិធានការនានារបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សារព័ត៌មាន Vice Asia បាន សម្រេចលុបខ្លឹមសារនៃបទសម្ភាសន៍ជាមួយជនជាតិអៀកឡង់ឈ្មោះ Matt Loughrey ចេញពីបណ្តាញផ្សព្វផ្សាយ របស់ខ្លួន និង ចេញសារសុំទោសជាសាធារណៈចំពោះក្រុមគ្រួសារជនរងគ្រោះ និង ប្រជាជនកម្ពុជាចំនួនពីរលើកដែលមានខ្លឹមសារដើមទាំងស្រុងដូចខាងក្រោមនេះ៖ • លើកទី១៖ ‘កាលពីថ្ងៃសុក្រ ទី៩ ខែមេសា បណ្ដាញសារព័ត៌មាន VICE Asia បានចុះផ្សាយបទសម្ភាសន៍ មួយជាមួយ Matt Loughrey វិចិត្រករ ដែលបានកែប្រែរូបថតជនរងគ្រោះពីមន្ទីរស-២១នៅប្រទេសកម្ពុជា ជារូបគូល័រ ដែលរូបថតទាំងនោះធ្លាប់ប្រើប្រាស់ដោយរបបខ្មែរក្រហមនាកំឡុងឆ្នាំ១៩៧៥ ដល់ ១៩៧៩។ អត្ថបទផ្សព្វផ្សាយនេះ បានបង្ហាញរូបថតជនរងគ្រោះក្នុងសម័យខ្មែរក្រហម ដែលវិចិត្រករ Loughrey បាន កែច្នៃជារូបគូល័រខុសពីការពិត។ សាច់រឿងអត្ថបទនេះ មិនបានឆ្លើយតបទៅនឹងកម្រិតស្តង់ដារនៃវិចារណកថា របស់ VICE ឡើយ ហេតុដូច្នេះទើបអត្ថបទខាងលើត្រូវដកចេញពីបណ្តាញសារព័ត៌មាន។ យើងខ្ញុំសោកស្ដាយ ពន់ពេកចំពោះកំហុសដែលកើតមាន ហើយយើងខ្ញុំនឹងបន្តតាមដានពីភាពខ្វះខាតលើដំណើរការនៃការ កែសម្រួលអត្ថបទមុនពេលចេញផ្សាយ។

• លើកទី២៖ “យើងខ្ញុំបានចំណាយពេលប៉ុន្មានថ្ងៃកន្លងមកនេះ ដើម្បីពិនិត្យឡើងវិញនូវកង្វះខាតក្នុងការ ចេញផ្សាយអត្ថបទរបស់ Matt Loughrey ។ យើងខ្ញុំ មានការសោកស្តាយយ៉ាងខ្លាំងចំពោះការឈឺចាប់ បណ្តាលមកពីអត្ថបទនេះ និង សូមអភ័យទោសដោយស្មោះចំពោះក្រុមគ្រួសារជនរងគ្រោះនិងប្រជាជនក្នុង ប្រទេសកម្ពុជា។ បច្ចុប្បន្ន យើងខ្ញុំកំពុងទាក់ទងផ្ទាល់ជាមួយសហគមន៍និងបុគ្គលមួយចំនួន ដើម្បីបញ្ជាក់ពី បញ្ហានេះ។ យើងខ្ញុំនឹងបន្តខិតខំត្រួតពិនិត្យ និង ថ្លឹងថ្លែងយ៉ាងម៉ត់ចត់ចំពោះអត្ថបទដែលត្រូវចុះផ្សាយក្នុង បណ្តាញរបស់យើងខ្ញុំ ដើម្បីធានាថានឹងមិនឲ្យមានការខ្វះខាតកើតមានឡើងជាថ្មីម្តងទៀតឡើយ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖