ព័ត៌មានទាន់ហេតុការណ៍៖

ការប្រឈមមុខតានតឹងដាក់គ្នារវាង រុស្ស៊ីនឹងឆេក ទីក្រុងមូស្គូបណ្តេញមន្ត្រីការបរទេសឆេក២០រូបជាការសងសឹក

ចែករំលែក៖

កន្លងមកសាធារណរដ្ឋឆេកបានបណ្តេញមន្ត្រីការទូតរុស្ស៊ី១៨រូប ចេញពីប្រទេស ហើយពេលនេះរុស្ស៊ីក៏បានសងសឹកវិញភ្លាមៗដោយបណ្តេញមន្ត្រីការទូតឆេក២០រូបចេញពីប្រទេស។
កាលពីថ្ងៃទី១៨ខែមេសា(ពេលវេលាក្នុងតំបន់) រុស្ស៊ីបានបណ្តេញមន្ត្រីការបរទេសឆេក២០រូបចេញពីទីក្រុងមូស្គូ។ ការបណ្តេញតបតវិញនោះនឹងធ្វើឲ្យទំនាក់ទំនងប្រទេសទាំងពីរកានតែតានតឹងខ្លាំងឡើង។ កន្លងមករុស្ស៊ីបានថ្កោលទោសយ៉ាងខ្លាំង ដល់សាធារណរដ្ឋឆេក ដែលបានបណ្តេញមន្ត្រីរុស្ស៊ី១៨រូបចេញពីប្រទេសឆេក។
ក្រោយសកម្មភាពរបស់រដ្ឋាភិបាលទីក្រុង Prague ទីក្រុងមូស្គូ បានប្រកាសថានឹងធ្វើឲ្យអ្នកនៅពីក្រោយសកម្មភាពឌឺដងទាំងនោះត្រូវទទួលខុសត្រូវ ដែលបានបំផ្លាញមូលដ្ឋានគ្រឹះក្នុងទំនាក់ទំនងរវាងរុស្ស៊ីនឹងឆេក។
សកម្មភាពខាងលើកើតឡើងក្រោយពេលសាធារណរដ្ឋឆេកផ្តល់ព័ត៌មានដល់អង្គការណាតូថា មានការសង្ស័យករណីបំផ្ទុះឃ្លាំងគ្រាប់ កាលពីឆ្នាំ២០១៤ គឺក្រុមចារកិច្ចរុស្ស៊ីនៅពីក្រោយខ្នង។

តាមរបាយការណ៍រដ្ឋមន្ត្រីការបរទេសអឺរ៉ុបនឹងជួបពិភាក្សាគ្នានៅថ្ងៃទី ១៩ខែមេសានេះ ទៅលើបញ្ហារបស់ឆេក។
ចំណែកក្រសួងការបរទេសអាមេរិក បានគាំទ្រពេញទំហឹងដល់សកម្មភាពខាងលើរបស់រដ្ឋាភិបាលទីក្រុង Prague ។ នេះជាវិវាទទ្រង់ទ្រាយធំបំផុតរវាងឆេកនឹងរុស្ស៊ី មិនធ្លាប់មានចាប់តាំងពីឆ្នាំ១៩៨៩ មុនពេលសហភាពសូវៀតដួលរលំនៅអឺរ៉ុបខាងកើត៕

ដោយ៖ ធីរីណា(រូបភាព៖ AFP)


ចែករំលែក៖