សារព័ត៌មានBBCបានផ្សាយថា ក្រុមបាល់ទាត់ធំៗទាំង៦នៅអង់គ្លេសរួមមាន Arsenal, Chelsea, Liverpool, Manchester City, Manchester United និងTottenham បានយល់ព្រមចូលរួមលេងក្នុងកម្មវិធីថ្មីដែលមានឈ្នោះថា European Super League ឬហៅកាត់ ESL។
បច្ចុប្បន្នមានក្រុម១២ហើយនៅក្នុងតំបន់អឺរ៉ុបដែលបានចូលរួមលេងពានរង្វាន់ ESL ដោយរួមមានក្រុម AC Milan, Atletico Madrid, Barcelona, Inter Milan, Juventus និង Real Madrid។ ក្លិបដែលបានបង្កើតពានរង្វាន់នេះឡើងបាន យល់ព្រមលេងនៅក្នុងពាក់កណ្តាលសប្តាហ៍នីមួយ ហើយពួកគេនៅតែបន្តលេងដណ្តើមពានរង្វាន់ប្រចាំប្រទេសរបស់ពួកគេរៀងៗខ្លួនដដែល។ កម្មវិធី ESL នេះក៏គ្រោងនឹងបង្កើតពានរង្វាន់សម្រាប់បាល់ទាត់ស្រ្តីផងដែរនៅក្រោយពេលការប្រកួតរបស់ក្រុមបាល់ទាត់បុរសចាប់ផ្តើមដំណើរការ។
តើថ្នាក់ដឹកនាំរបស់ European Super Leagueបាននិយាយអ្វីខ្លះ?
លោក Florentino Perez ប្រធានក្លិបបាល់ទាត់Real Madrid និងជាប្រធានទីមួយរបស់ ESL បាននិយាយថា “ការប្រកួតថ្មីនេះនឹងជួយជំរុញការអភិវឌ្ឈវិស័យបាល់ទាត់គ្រប់កំរិតទាំងអស់។ បាល់ទាត់គឺជាកីឡាតែមួយគត់ដែលមានអ្នកគាំទ្រ ៤ពាន់លាននាក់នៅលើសកលលោក ហើយនេះគឺជាទំនួលខុសត្រូវរបស់ពួកយើងក្នុងការធ្វើយ៉ាងណាឲ្យមានការឆ្លើយតបទៅនឹងតំរូវការរបស់អ្នកគាំទ្រទាំងនោះ”។
លោក Andrea Agnelli ប្រធានក្លិប Juventusបានលាឈប់ពីតួនាទីជា គណៈកម្មការប្រតិបត្តិ Uefaដើម្បីមកចូលរួមដឹកនាំ European Super League ឲ្យដំណើរការឆាប់ៗ។ អនុប្រធានប្រតិបត្តិក្លិប Manchester United លោក Ed Woodward និង ប្រធានប្រតិបត្តិក្លិប Manchester City លោក Ferran Sorianoបានលាលែងពីតំណែងរបស់ពួកគេពី Uefaផងដែរ។
ទន្ទឹមនឹងមានការប្រកាសចូលរួមលេងពានថ្មីនេះ ក៏មាន អ្នកគាំទ្របាល់ទាត់ អ្នកនយោបាយ ស្ថាប័ណ្ណ បាល់ទាត់មួយចំនួន ពិសេសកីឡាករបាល់ទាត់ល្បីៗ មិនពេញចិត្ត ហើយរួមគ្នាថ្កោលទោសចំពោះការបង្កើតថ្មីនេះ។ UEFA បានប្រកាសថានឹងកាត់ឈ្មោះក្រុមដែលចូលលេងពាននេះ មិនឱ្យចូលលេងពាន UEFA Champions League ទេ ហើយតាមលីគកំពូលនានាក្នុងប្រទេសដូចជា Premier League , La Liga និង Serie A ក៏មិនចង់ឱ្យក្រុមពួកគេចូលរួមផងដែរ។លោក Sir Alex Fugerson អតីតគ្រូបង្វឹក ក្រុមបិសាច Manchester United ក៏បានចេញមុខមិនសប្បាយចិត្តជាមួយពានថ្មីនេះដែរ។ គាត់ ថាប្រសិនបើពាននេះកើតមានឡើងពិតប្រាកដមែន នោះវានឹងកែប្រែប្រវត្តិសាស្ត្របាល់ទាត់ដែលមាន៧០ឆ្នាំមកហើយជាក់ជាមិនខាន។ លោក ថាពានរង្វាន់ UEFA Champions League មួយគឺគ្រប់គ្រាន់ហើយសម្រាប់ទ្វីបអឺរ៉ុបនិងអ្នកគាំទ្រ៕
ដោយ៖ ភារៈ