ព័ត៌មានទាន់ហេតុការណ៍៖

ថៃនឹងផ្អាកជើងហោះហើរក្នុងស្រុកនៅពេលយប់ ដោយសារតែការឆ្លងកូវីដ-១៩កើនឡើង

ចែករំលែក៖

នាយកដ្ឋានអាកាសចរណ៍ស៊ីវិលថៃ CAAT បានស្នើដល់បណ្តាក្រុមហ៊ុនអាកាសចរណ៍ដឹកជញ្ជូនស៊ីវិលផ្អាកជើងហោះហើរក្នុងស្រុកចាប់ពីវេលាម៉ោង២២ដល់ម៉ោង ៤ទៀបភ្លឺដើម្បីទប់ស្កាត់កូវីដ-១៩ ។
សារព័ត៌មានបាងកកប៉ុស្ត៍ នៅថ្ងៃទី១៩ខែមេសា បានផ្សាយថា អគ្គនាយកដ្ឋានអាកាសចរណ៍ស៊ីវិល CAAT លោក Suttipong Kongpool បានស្នើដល់បណ្តាក្រុមហ៊ុនអាកាសចរណ៍ផ្អាករាល់ការហោះហើរក្នុងស្រុកចាប់ពីម៉ោង២២ដល់ម៉ោង៤ទៀបភ្លឺ។
ក្រុមហ៊ុនអាសចរណ៍ទាំងអស់មាន កាតព្វកិច្ច និងការទទួលខុសត្រូវ ណែនាំដល់អ្នកដំណើរពីវិធានការទប់ស្កាត់កូវីដ-១៩រាល់ពេលធ្វើដំណើរ។ ចំពោះអ្នកដំណើរដែលមានអាការៈក្តៅខ្លួនហើយនៅតែធ្វើដំណើរនឹងត្រូវប្រឈមចំពោះមុខច្បាប់។
មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសថៃហៅកាត់ថា CCSA បានរាយការណ៍នៅថ្ងៃចន្ទនេះថា អ្នកឆ្លងជំងឺ COVID-19 សរុប ១៧៦៧នាក់ទៀតត្រូវបានរកឃើញតែក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះប៉ុណ្ណោះ។ ក្នុងរយៈពេលដូចគ្នានេះ អ្នកជំងឺ COVID-19 ចំនួន ៣នាក់ទៀតក៏បានបាត់បង់ជីវិតផងដែរ ។
បើតាមទិន្នន័យពី CCSA នៅក្នុងចំណោមករណីឆ្លងថ្មីៗទាំង ១៧៦៧នាក់ខាងលើនេះ មាន៦នាក់ជាករណីនាំចូលមកពីក្រៅប្រទេស, ក្រៅពីនេះរកឃើញនៅក្នុងស្រុក ភាគច្រើននៅទីក្រុង បាងកក។
គិតត្រឹមថ្ងៃចន្ទនេះ ប្រទេសថៃមានករណីឆ្លង COVID-19 សរុប ៤៣,៧៤២ករណី ក្នុងនោះមានអ្នកស្លាប់សរុប១០៤នាក់ និងជាសះស្បើយឡើងវិញ ២៨,៧៨៧នាក់ ខណៈអ្នកជំងឺដែលកំពុងសម្រាកព្យាបាល នៅតាមមន្ទីរពេទ្យនានា បានកើនឡើងរហូតដល់ ១៤,៨៥១នាក់៕ ដោយ ៖ ធីរីណា

រូបភាព៖ Bangkok Post.


ចែករំលែក៖