ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ ខាងមន្ត្រីសុខាភិបាលកំពុងធ្វើតេស្តសំណាកទៅលើអ្នកឡើងកំដៅលើសពី ៣៧អង្សាសេ ចំនួន១១នាក់ ! និងអាជីវករដែលលក់ក្នុងផ្សារពហុកីឡដ្ឋានក្រុងតាខ្មៅ បន្ទាប់ពីអភិបាលខេត្តបញ្ជាអោយបិទផ្សារនេះ !

ចែករំលែក៖

ខេត្តកណ្តាល៖ មកដល់ល្ងាចថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យនិងមន្ត្រីសុខាភិបាល បានចុះមកយកសំណាក មុនដំបូងទៅលើមនុស្សចំនួន ១១នាក់ ដែលបានវាស់កំដៅលើសពី ៣៧អង្សាសេ នឹងបន្តយកសំណាកទៅលើបងប្អូនអាជីវករដែលលក់ដូរនៅក្នុងផ្សារពហុកីឡដ្ឋានក្រុងតាខ្មៅខេត្តកណ្ដាល។

សូមបញ្ជាក់ថា, នៅរសៀលថ្ងៃទី១៩ ខែមេសាឆ្នាំ២០២១នេះ គណៈបញ្ជាការឯកភាពខេត្ត បានបញ្ជាឲ្យអាជ្ញាធរនិងសមត្ថកិច្ច ចុះបិទផ្សារពហុកីឡដ្ឋានក្រុងតាខ្មៅ ខេត្តកណ្ដាល ជាបណ្ដោះអាសន្ន និងបន្ទាន់បំផុត បន្ទាប់ពីទទួលព័ត៌មានថា, យ៉ាងតិចមានមនុស្ស ១១នាក់ត្រូវបានវាស់កំដៅមុនចូលក្នុងផ្សារ គឺមានកំដៅលើសពី ៣៧អង្សាសេ ដែលជាការព្រួយបារម្ភទើបអាជ្ញាធរសម្រេចបិទផ្សារនេះជាបន្ទាន់។
ភ្លាមៗនោះ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានចុះបញ្ជាដោយផ្ទាល់ ឲ្យកម្លាំងនិងអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធ ធ្វើការហ៊ុំព័ទ្ធទីតាំងផ្សារ ហាមឃាត់មិនឲ្យអ្នកខាងក្រៅចូល និងមិនឲ្យអ្នកក្នុងចេញ ដើម្បីទុកលទ្ធភាពឱ្យខាងគ្រូពេទ្យជំនាញនិងមន្ត្រីសុខាភិបាលចុះមកយកសំណាក។
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានចុះដឹកនាំកម្លាំងនៅកន្លែងគោលដៅដែលអាជ្ញាធរខេត្តបានបញ្ជាឲ្យបិទនោះដោយប្រុងប្រយ័ត្នបំផុត។ មកទល់នឹងពេលនេះ ក្រុមគ្រូពេទ្យកំពុងយកសំណាកអ្នកដែលបានលើសកំដៅចំនួន ១១នាក់ និងបងប្អូនអាជីវករដែលបានលក់នៅក្នុងផ្សារពហុកីឡាដ្ឋានក្រុងតាខ្មៅខេត្តកណ្ដាលនេះជាបន្ត៕

ដោយ៖ ស្អាងជ័យ


ចែករំលែក៖