ខេត្តបន្ទាយមានជ័យ៖ រថយន្ត១គ្រឿង លួចដឹកសត្វមាន់រស់រាប់ពាន់ក្បាលឆ្លងពីប្រទេសថៃនាំចូលមកខេត្តបន្ទាយមានជ័យ គ្មានច្បាប់ ត្រូវសមត្ថកិច្ចចាប់ឃាត់បាននៅវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ នៅចំណុចភូមិសាស្ត្រ ស្រុកអូរជ្រៅ ។
លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ដោយអនុវត្តតាមវិធានការណ៍បង្ការបង្ក្រាប ការចរាចរណ៍សត្វ ពីក្រៅប្រទេស របស់នាយកដ្ឋាន និងមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ លោកបានដាក់មន្ត្រីតាមគោលដៅធ្វើការស្ទាក់ចាប់ឈ្មួញលួចដឹកសត្វមាន់រស់ចូលពីប្រទេសជិតខាង ។
ជាលទ្ធផលរថយន្ត០១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2F-3428 បានធ្វើសកម្មភាពលួចដឹកមាន់រស់រាប់ពាន់ក្បាលយកចូលមកខេត្តបន្ទាយមានជ័យ ត្រូវសមត្ថកិច្ចចម្រុះក្នុងនោះមានមន្ត្រីការិយាល័យបសុពេទ្យផងបានឃាត់ ដើម្បីត្រួតពិនិត្យ នៅចំណុចភូមិសាស្ត្រស្រុកអូរជ្រៅ។
លោក ហ៊ុយ ទូច បាននិយាយបន្តថា តាមនីតិវិធីនៃជំនាញ នឹងយកសំណាកផ្ញើទៅពិនិត្យនៅរាជធានីភ្នំពេញ ដើម្បីឲ្យដឹងថា តើសត្វមាន់ទាំងនោះមានជំងឺផ្តាសាយបក្សី ឬមិនមាន ។ តែចំពោះមុខនេះ មន្ត្រីជំនាញនឹងធ្វើការតាមដាន សុខភាពសត្វនេះក្នុងអំឡុង ពេល២ ទៅ៣ថ្ងៃប្រសិនបើមិនមានអ្វីគួឲ្យកត់សម្គាល់ នៃជំងឺផ្តាសាយបក្សីទេនោះ មន្ត្រីជំនាញនឹងអនុវត្តតាមនីតិវិធីច្បាប់ ដោយធ្វើការផាកពិន័យ ។
លោកបញ្ជាក់បន្ថែមថា ការបង្ការនិងបង្ក្រាប នេះធ្វើឡើងក្នុងគោលបំណង ទប់ស្កាត់ការឆ្លងរាលដាលនូវជំងឺផ្តាសាយបក្សី និងជំងឺឆ្លងផ្សេងៗ ដែលអាចកើតមានលើសត្វ និងជាការលើកកម្ពស់ការចិញ្ចឹមសត្វរបស់កសិករក្នុងស្រុក និងម្យ៉ាងទៀតនោះ ឲ្យមានការបង់ពន្ធចូលរដ្ឋផងដែរ ។
សត្វមាន់រស់ទាំងអស់ខាងលើនេះ ត្រូវបានឈ្មួញលួចនាំចូលពីប្រទេសថៃ តាមច្រករបៀងមួយកន្លែង ដែលស្ថិតនៅក្នុងភូមិសាស្ត្រឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យកាត់តាមស្រុកអូរជ្រៅ ។ ជាញឹកញាប់ មន្ត្រីបសុពេទ្យខេត្តបន្ទាយមានជ័យ តែងធ្វើការបង្ក្រាប និងហាមឃាត់ការនាំចូលសត្វជ្រូក គោ ក្របី មាន់ ទាដែលឈ្មួញលួចនាំចូលដោយខុសច្បាប់ តែទោះជាយ៉ាងណាក៏ដោយ ការលួចនាំចូលនេះនៅតែកើតមាន ទោះបីមានសមត្ថកិច្ចយាមយ៉ាងណាក៏ដោយ ៕
ដោយ ៖ វណ្ណា