ខេត្តបន្ទាយមានជ័យ៖ ប្រជាពលរដ្ឋជាង៤០គ្រួសារបានរុះរើសំណង់មិនស្របច្បាប់ នៅចន្លោះផ្លូវដែករថភ្លើង និងផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ទៅរស់នៅទីតាំងអភិវឌ្ឍន៍ថ្មី បឹងជង្រុកតេជោឈ្នះឈ្នះ ស្ថិតនៅឃុំ ទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
ក្រុមការងារខុទ្ទកាល័យសម្តេចតេជោហ៊ុនសែន សហការជាមួយអាជ្ញាធរក្រុងប៉ោយប៉ែត កងកម្លាំងកងរាជអាវុធហត្ថខេត្តបាន ចុះជួយរុះរើ និងជួយដឹកជញ្ជូន គ្រឿងសំណង់មិនស្របច្បាប់របស់ប្រជាពលរដ្ឋដែលរស់នៅលើដីសួនច្បារចន្លោះផ្លូវរថយន្តភ្លើង និងផ្លូវជាតិលេខ៥ ដើម្បីផ្តល់ទីតាំងចំណីផ្លូវសាធារណៈ សំរាប់ឲ្យអាជ្ញាធរក្រុងប៉ោយប៉ែត រៀបចំធ្វើសួនច្បារ ដើម្បីលម្អក្រុងឲ្យកាន់តែមានសោភ័ណភាពល្អប្រសើរ ។សកម្មភាពជួយរុះរើ មកដល់ថ្ងៃទី១៩ខែមេសា នេះ មានរយៈប្រមាណជាង១០ថ្ងៃមកហើយ។
លោក ប៉ាន់ ខែម ប៊ុនថន នាយករងខុទ្ទការល័យសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ក្រុមការងារដែលចុះមកជួយរុះរើលំនៅឋាននេះ បានធ្វើឡើងតាមសំណូមពរដ៏ទទូចពីសំណាក់បងប្អូនប្រជាពលរដ្ឋដែលរស់នៅលើដីសួនសាធារណៈកន្លងមក ដោយសុំឲ្យក្រុមការងារ អាជ្ញាធរ កម្លាំងសមត្ថកិច្ច ជួយរុះរើលំនៅឋាន ពួកគាត់ដើម្បីឆាប់បានទៅរស់លើដីស្របច្បាប់នៅលើទីតាំងថ្មី “បឹងជង្រុកតេជោឈ្នះ ឈ្នះ” ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន។
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បញ្ជាក់ថា ចំនួនប្រជាពលរដ្ឋដែលរស់នៅលើដីសួន ដែលត្រូវទទួលបានការសម្បទានជាអំណោយរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានចំនួន៤៦ក្បាលដី ហើយក្រុមការងារ លោក ប៉ាន់ ខែម ប៊ុនថន និងអាជ្ញាធរក្រុង គឺជួយសម្រួលទាំងការរុះរើ និងដឹកជញ្ជូនទៅកាន់ដីស្របច្បាប់ថ្មីផងដែរ។ លោកក៏បានកោតសរសើរដល់ប្រជាពលរដ្ឋដែលចូលរួមសហការជាមួយក្រុមការងារ អាជ្ញាធរ ប្រគល់ដីធ្វើសួនសាធារណៈជូនមកអាជ្ញាធររៀបចំអភិវឌ្ឍន៍កែលម្អជាសួនឲ្យមានសោភ័ណភាពក្នុងក្រុងផងដែរ៕
ដោយ ៖ វណ្ណា