ភ្នំពេញ៖ លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ នៅយប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ បានបញ្ជាក់ថា, គណៈប្រតិបត្តិនៃគ.ប.ខ. បានសម្រេចកំណត់តំបន់មួយចំនួន ក្នុងភូមិសាស្ដ្រមួយចំនួន ក្នុងភូមិសាស្ដ្រខណ្ឌមានជ័យ, ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌទួលគោក ដែលមានការឆ្លងរាលដាលធ្ងន់ធ្ងរ នៃជំងឺកូវីដ-១៩ ជា «តំបន់ក្រហម»!។
លោកថ្លែងថា, បុគ្គលគ្រប់រូបត្រូវបានហាមចេញពីផ្ទះដាច់ខាត លើកលែងតែមានតម្រូវការសេវាសុខាភិបាលតែប៉ុណ្ណោះដែលរួមមាន ៖
១.បញ្ហាសុខភាពបន្ទាន់
២.ទៅផ្តល់សំណាក
៣.ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី២ នៅទីតាំងជិតបំផុតក្នុងតំបន់ក្រហម
ផ្សារ និងទីកន្លែងលក់ម្ហូបអាហារនិងគ្រឿងឧបភោគបរិភោគ ព្រមទាំងសកម្មភាពការងារ មុខរបរ និងអាជីវកម្មទាំងអស់នៅក្នុងតំបន់ក្រហម ត្រូវផ្អាកជាបណ្តោះអាសន្នទាំងអស់ លើកលែងតែសកម្មភាពការងារចាំបាច់មួយចំនួនរបស់រដ្ឋ និងការផ្គត់ផ្គង់តម្រូវការផ្នែកសុខាភិបាល និងតម្រូវការប្រចាំថ្ងៃចាំបាច់សម្រាប់ការរស់នៅរបស់ពលរដ្ឋក្នុងតំបន់ក្រហមតែប៉ុណ្ណោះ ដោយមានឯកសារបញ្ជាក់ច្បាស់លាស់ និងមានការអនុញ្ញាតពីអាជ្ញាធរតែជាចាំបាច់!។
លោករដ្ឋលេខាធិការបានបញ្ជាក់ថា, ក្នុងករណីមានការបំពានវិធានការនេះ នឹងទទួលរងនូវការអនុវត្តវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ ដោយរួមទាំងការឃាត់ទុកជាបណ្តោះអាសន្ននូវមធ្យោបាយធ្វើដំណើរ និងទណ្ឌកម្មរដ្ឋបាលផ្សេងទៀត! ៕
ដោយ៖ សុខ ខេមរា