ភ្នំពេញ៖ រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េបានផ្តល់សម្ភារ បរិក្ខារពេទ្យ ជូនដល់ក្រសួងសុខាភិបាលតាមរយៈកម្មវិធីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដែលមានទឹកប្រាក់ប្រមាណ ៣៥០ ០០០ ដុល្លារអាមេរិក។ ការផ្តល់ជំនួយនេះត្រូវបានធ្វើឡើងតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ក្នុងគោលបំណងដើម្បីជួយក្រសួងសុខាភិបាលក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ KOICA។
ក្នុងសេចក្ដីប្រកាសព័ត៌មានបានបញ្ជាក់ថា សម្ភារបរិក្ខារពេទ្យដែលផ្តល់ឱ្យនៅពេលនេះរួមមាន RNA ExtractionKits ចំនួន ១៨ ៧៥០ SD Biosensor ចំនួន ១៤ ៤០០ សំឡីដើម្បីធ្វើការប្រមូលយកសំណាក (swap) ចំនួន ៤២ ០០០ និងសម្ភារមួយចំនួនទៀត ដែលចាំបាច់សម្រាប់ប្រើប្រាស់ក្នុងបន្ទប់ពិសោធន៍ដើម្បីពិនិត្យរកមេរោគកូវីដ-១៩ ដែលមានទឹកប្រាក់សរុបប្រមាណជា ៣៥០ ០០០ ដុល្លារអាមេរិក។ សម្ភារ បរិក្ខារពេទ្យទាំងនេះនឹងត្រូវបានប្រើប្រាស់ដោយមន្ទីរពិសោធន៍ជាតិនៃវិទ្យាស្ថានជាតិសុខភាពសាធារណៈ ដើម្បីពិនិត្យរកមេរោគកូវីដ-១៩។
បើតាម KOICA នេះមិនមែនជាលើកទី១ក្នុងការផ្តល់ជំនួយនោះទេ ទីភ្នាក់ងារ KOICA បានបន្តផ្តល់ជំនួយចាប់តាំងពីជំងឺកូវីដ-១៩ បានកើតឡើងនៅក្នុងប្រទេសកម្ពុជា ខណៈដែល SD Biosensor ចំនួន ៨ ៦៤០ ត្រូវបានផ្តល់ជូនតាមរយៈទីភ្នាក់ងារ KOICA កាលពីដើមឆ្នាំ២០២០។ ការផ្តល់ជំនួយនេះត្រូវបានធ្វើឡើងតាមរយៈកម្មវិធីការឆ្លើយតបចំពោះកូវីដ-១៩ របស់ទីភ្នាក់ងារ KOICA (របៀបវីរៈដើម្បីកសាងភាពល្អប្រសើរក្នុងការប្រឆាំងកូវីដ-១៩តាមរយៈកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍)។
សូមបញ្ជាក់ថា កម្មវិធីនេះជាគំនិតផ្ទួចផ្តើមរបស់សាធារណរដ្ឋកូរ៉េដែលធ្វើអន្តរាគមន៍ដើម្បីឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺកូវីដ-១៩តាមការគាំទ្រផ្សេងៗ។ ក្រៅពីជំនួយដែលបានរៀបរាប់ខាងលើ ទីភ្នាក់ងារ KOICA បានផ្តល់ជំនួយជាច្រើនទៀតតាមរយៈកម្មវិធីនេះ ដូចជា៖ ការផ្តល់ជាទូយកសំណាកជំងឺកូវីដ-១៩ចំនួន២០គ្រឿង និងគ្រែសែងអ្នកជំងឺកូវីដ-១៩ចំនួន៦២គ្រែ។ ការផ្តល់សម្ភារ ការពារខ្លួនផ្សេងៗដូចជា ម៉ាស់ចំនួន ១០០ ០០០, ម៉ាស់ពេទ្យចំនួន ៤ ៥០០, ជែលលាងដៃចំនួន ២ ០០០ ទៅកាន់មន្ទីរពេទ្យកុមារជាតិ និង មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ការជួយទ្រទ្រង់ជនងាយរងគ្រោះតាមរយៈការឧបត្តម្ភនូវស្បៀងអាហារ និង សម្ភារសង្គ្រោះបឋមនៅក្នុងរាជធានីភ្នំពេញ និងខេត្តចំនួន៥ រួមមាន ខេត្ដកំពង់ស្ពឺ ក្រចេះ ឧត្តរមានជ័យ បាត់ដំបង និងខេត្ដសៀមរាប។ ការសហការជាមួយអង្គការជនភាសន៍ខ្លួនអន្តរជាតិលើការពង្រឹងលើការឆ្លើយតបទៅនឹងកូវីដ-១៩ ចំពោះអ្នកចំណាកស្រុក នៅច្រកចេញ-ចូល និងមណ្ឌល ចត្តាឡីស័ក នៅក្នុងខេត្តចំនួន៥ រួមមាន ខេត្ដបាត់ដំបង, បន្ទាយមានជ័យ ឧត្តរមានជ័យ, សៀមរាប និង ខេត្ដព្រៃវែង៕
ដោយ៖ សូរិយា