ប៉ូលិសដែលសម្លាប់បុរសជនជាតិស្បែកខ្មៅដែលបង្កឲ្យមានបាតុកម្មប្រឆាំងការរើសអើងជាតិសាសន៍នោះ ពេលនេះត្រូវបានតុលាការ កាត់ទោសពីបទសម្លាប់មនុស្ស ។ នៅថ្ងៃទី២០ ខែមេសា (ពេលវេលានៅអាមេរិក) ពលរដ្ឋនាំគ្នាដង្ហែក្បួនអបអរសាទរ ក្រោយប៉ូលិសឈ្មោះ Derk Chauwin ត្រូវកាត់ទោស។
ក្រោយការសម្រេចរបស់តុលាការ គ្រួសារ Geroge Floyd និងមេធាវី Ben Crump មិនអាចលាក់បាំងក្តីរំភើបរីករាយបានឡើយ ។ មេធាវី Ben Crump បានលើកឡើងថា
«នេះជាជ័យជម្នះរបស់អ្នកដែលបានតស៊ូដើម្បីយុត្តិធម៌ប្រឆាំងការរើសអើងជាតិសាសន៍និងអមនុស្សធម៌ »។
ប្រធានាធិបតីអាមេរិក លោកចូ បៃឌិន បានអបអរសាទរការសម្រេចរបស់តុលាការចំពោះអតីតប៉ូលិសដែលបានសម្លាប់លោក Floyd ដែលមនុស្សជាច្រើនហៅថាជាការសម្លាប់មនុស្សទាំងកណ្តាលថ្ងៃ ។ ការសម្លាប់នោះជាការចាប់ផ្តើមបង្កឲ្យមានការប្រឆាំងនឹងការរើសអើងជាតិសាសន៍នៅអាមេរិក ។
សេចក្តីសម្រេចរបស់តុលាការនៅថ្ងៃទី២៤ខែមេសា ធ្វើឲ្យពលរដ្ឋពេញចិត្តយ៉ាងខ្លាំង ពិសេសក្រុមជនជាតិស្បែកខ្មៅ ។ ពលរដ្ឋរាប់រយនាក់នាំគ្នាចេញមកផ្លូវថ្នល់ដើម្បីអបអរសាទរនៅទីក្រុង Minneapolis ។
នៅក្នុងសវនាការ មានចៅក្រមជនជាតិស្បែកខ្មៅ៦រូប និងជនជាតិស្បែកស៦រូប ។ ការសម្រេចទោសនឹងប្រកាសក្នុងពេល២ខែខាងមុខ ថាតើអតីតប៉ូលិស Chauvin ត្រូវជាប់គុកប៉ុន្មានឆ្នាំ? តាមការសន្និដ្ឋាន ប៉ូលិសខាងលើអាចនឹងត្រូវជាប់គុកយ៉ាងតិច៤០ឆ្នាំ៕
ដោយ៖ ធីរីណា(រូបភាព៖Reuters )