ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលក្រុងស្វាយរៀងចុះពិនិត្យ និងយករថយន្តស្តារលូរំដោះទឹកស្អុយនៅកែងមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ដើម្បីបញ្ចៀសការកកស្ទះនិងជន់លិចដោយជំនន់ទឹកភ្លៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ ដើម្បីសោភ័ណភាពក្រុងនិងបរិស្ថានល្អនិងដោះស្រាយការជន់លិចដោយជំនន់ទឹកភ្លៀងរបស់បងប្អូនប្រជាពលរដ្ឋដែលតែងតែជួបប្រទះនៅក្នុងភូមិសាស្ត្រ លោក ណុប ចំរេីន អភិបាល នៃគណៈអភិបាលក្រុងស្វាយរៀង បានចុះពិនិត្យ និងយករថយន្តស្តារលូរំដោះទឹកស្អុយ​មួយខ្សែ ដែលនៅកែងខាងមុខមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ស្ថិតនៅភូមិស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។

ការចុះពិនិត្យ និងស្តារលូរំដោះទឹកស្អុយ​មួយខ្សែ នេះធ្វើឡើងនាព្រឹកថ្ងៃពុធ ១០កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ មានការចូលរួមពី លោក ទូច ធីចៅសង្កាត់ស្វាយរៀងស្ដីទី មន្ត្រីសាលាក្រុងនិងក្រុមការងារសង្កាត់ជាច្រើននាក់ផងដែរ។

បើតាមលោក ណុប ចំរេីន បានអោយដឹងថាការចុះពិនិត្យ និងស្តារលូរំដោះទឹកស្អុយ​មួយខ្សែ ដែលនៅកែងខាងមុខមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងនេះគឺដោយសារប៉ុន្មានថ្ងៃនេះមានភ្លៀងធ្លាក់មកជាប្រចាំទើបអាជ្ញាធរក្រុងបានពន្លឿនដោះស្រាយដោយយករថយន្តមកបូមស្តារប្រព័ន្ធលូដើម្បីរំដោះទឹកភ្លៀងកុំអោយលិចលង់ដោយសារសំរាមដែលធ្វើអោយកកស្ទះជន់លិច។

លោកអភិបាលក្រុងស្វាយរៀងក៏បាន ជម្រុញឲ្យអាជ្ញាធរចៅសង្កាត់ស្ដីទីមេភូមិសហការជាមួយបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានដេីម្បីធ្វេីការដោះស្រាយ បញ្ហាប្រឈម មួយចំនួនដំណេីរការទប់ស្កាត់ទាន់ពេលវេលាក្នុងការដោះស្រាយប្រពន្ធ័លូរំដោះទឹកបញ្ចៀសការកកស្ទះនិងជន់លិចដោយជំនន់ទឹកភ្លៀងនិងដើម្បីសោភ័ណភាពនិងបរិស្ថានល្អក្នុងក្រុងស្វាយរៀងទាំងមូលផងដែរ ៕

ដោយ៖យឹម សុថាន


ចែករំលែក៖