ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសុខាភិបាល៖ អនុញ្ញាតឱ្យសេវាសុខាភិបាលឯកជន ប្រើប្រាស់ឧបករណ៍តេស្តរហ័ស (Rapid Antigen Test COVID-19) ទូទាំងប្រទេស​ ​សម្រាប់រកមេរោគកូវីដ១៩

ចែករំលែក៖

ភ្នំពេញ​៖ បេីយោង​តាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃព្រហស្បតិ៍​ទី២២​ ខែមេសា​ ឆ្នាំ​២០២១នេះ​ បានប្រកាសអនុញ្ញាតឱ្យសេវាសុខាភិបាលឯកជនស្របច្បាប់ទាំងអស់ អាចប្រើប្រាស់ឧបករណ៍តេស្តរហ័ស (Rapid Antigen Test COVID-19) សម្រាប់រកមេរោគកូវីដ១៩។

ក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានបញ្ជាក់ថា ការប្រើប្រាស់ឧករណ៍តេស្តរហ័សសម្រាប់រកមេរោគកូវីដ១៩នេះ នៅសេវាសុខាភិបាលេកជនស្របច្បាប់នេះ ទទួលបានការអនុញ្ញាតពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជារួចហើយ។

ក្រសួងបានបន្ថែមថា មន្ទីរពេទ្យឯកជន មន្ទីរពហុព្យាបាល មន្ទីរសម្រាកព្យាបាល និងសម្ភព នៅទូទាំងប្រទេស អាចប្រើប្រាស់ Rapid Antigen test_Covid-19 ក្នុងការរកមេរោគកូវីដ១៩ពីអ្នកជំងឺ។

ដោយឡែក​ទាក់ទិននឹងបញ្ហានេះដែរ​ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ធ្លាប់បានបញ្ជាក់ដែរថា ឧបករណ៍តេស្តរកមេរោគកូវីដ១៩ «Rapid Antigen Test COVID-19» មានភាពងាយស្រួលក្នុងការតេស្តរកមេរោគ ហើយប្រើពេលត្រឹម១៥នាទីប៉ុណ្ណោះ។

លោកស្រីរដ្ឋលេខាធិការរូបនេះ​ បានលើកឡើងដែរថា ឧបករណ៍តេស្ដរហ័សនេះ គឺជួយរករោគវិនិច្ឆ័យបានលឿន ព្យាបាលបានលឿន។ បើតាមលោកស្រីរដ្ឋលេខាធិការរូបនេះ បានអះអាងថា លទ្ធផលនៃការធ្វើតេស្តរបស់ឧបករណ៍នេះ មានភាពត្រឹមត្រូវ ដូចទៅនឹងម៉ាស៊ីនពិសោធន៍ផងដែរ៕

នៅខាងក្រោមនេះ​មានសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល៖


ចែករំលែក៖