ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌទួលគោក៖នាំ​គ្នា​​បាញ់​អាល់កុល​គ្រប់​ៗ​គ្នាក្រោយ​ចាប់ខ្លួនជនសង្ស័យឆក់ទូរស័ព្ទម្នាក់ រួចវាស់​កម្តៅ​ឡើង​ដល់​៣៧.៥០​អង្សា

ចែករំលែក៖

ភ្នំពេញ​៖ នគរបាលខណ្ឌទួលគោក​នាំ​គ្នា​ភ័យ​ខ្លាចនិង​ប្រុង​ប្រយ័ត្ន​ដោយបាញ់​អាល់កុល​គ្រប់​ៗ​គ្នា ក្រោយ​ចាប់ខ្លួន ជនសង្ស័យ​ឆក់​ទូរស័ព្ទ​ម្នាក់​ប​ញ្ជូនទៅ​កាន់​អធិការដ្ឋាន ហើយត្រូវជនសង្ស័យ​ប្រាប់​ថាមិន​ស្រួល​ខ្លួន​រយៈ​ពេល​៤​ថ្ងៃ​​មក​ហើយ រួចក៏បានវាស់​កម្តៅ​មើលឃើញឡើង​ដល់​៣៧.៥០​អង្សា​ ​​​។

​ហេតុការណ៍​​ឃាត់ជនសង្ស័យ​ពូកែខាងឆក់ប្លន់ម្នាក់​​នេះ​​​បង្ក​ឱ្យមានការ​ភ្ញាក់ផ្អើលឡើងនៅ​វេលាម៉ោង​ប្រមាណ​១១​ព្រឹក​ថ្ងៃ​ទី​២៣ ខែមេ​សា ឆ្នាំ​២០២១ នៅ​ចំណុច​ផ្លូវ​លេខ​១៩២Z សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក ​រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យរូបនោះមានឈ្មោះ​ទូច ធី អាយុ​៣២​ឆ្នាំ ស្នាក់នៅ​ម្តុំ​គល់​ស្ពាន​ស្ទឹង​មាន​ជ័យ ក្នុងភូមិទី​៥ សង្កាត់​ស្ទឹង​មាន​ជ័យ២ ខណ្ឌមានជ័យ ​រាជធានីភ្នំពេញ ។​ ចំណែកនារី​ជា​ម្ចាស់​ទូរស័ព្ទ​ឈ្មោះ​វ៉​ន សុខ​ណា ភេទ​ស្រី​ អាយុ៣៦ឆ្នាំ មុខរបរ​លក់​បាយ មាន​លំនៅ​តាម​ផ្លូវ​លេខ​២០២ ក្បែរ​កន្លែង​កើតហេតុ​។

​​​ប្រភពព័ត៌មានបានឱ្យដឹងថា​ មុន​ពេល​កើតហេតុនារី​រង​គ្រោះ​បាន​អង្គុយ​កាន់​ទូរស័ព្ទ​និយាយ​នៅ​ចំណុច​តាម​ផ្លូវឌឿងហែម​លេខ ១៩២Z​ ក្រោយ​ផ្ទះ ស្រាប់តែ​ជនសង្ស័យ​មាន​គ្នា​២​នាក់​ជិះ​ម៉ូតូ​​មួយគ្រឿង​ម៉ាក​ហុងដាឌ្រីម ពាក់​ស្លាក​លេខ ភ្នំពេញ​ 1BQ-6612 ​មក​ក្បែរ​ រួច​ជន​ម្នាក់​ដែល​ជា​អ្នក​ឌុ​ប​បាន​ទះកំផ្លៀង​​នារីរងគ្រោះ​មួយដៃ ហើយ​ម្នាក់​ដែល​ជិះ​ខាងក្រោយ​(​ជនសង្ស័យ​ចាប់ខ្លួន​បាន​​)ក៏​ស្ទុះទៅឆក់យកទូរស័ព្ទបាន រួចព្យាយាមជិះម៉ូតូគេចខ្លួន​ រីឯជនរងគ្រោះនៅពេលជនសង្ស័យ​ធ្វើសកម្មភាពឆក់យកទូរស័ព្ទទៅបាត់នោះក៏ស្រែក​ថាចោរៗហើយ​ប្រឹងស្ទុះ​ទៅ​ចាប់ប្រតាយ​ប្រតប់​ជនសង្ស័យ ភ្លាម​ៗ​ប្រជាពលរដ្ឋ​នៅ​ក្បែរ​នោះក៏​បាន​ចេញ​មក​ជួយ​ស្ទាក់​ចាប់​បានជនសង្ស័យ​​ម្នាក់ ។ ​ចំណែក​ម្នាក់​ទៀត​បាន​ផ្តួល​ម៉ូតូ​រត់គេច​ខ្លួន​បាត់​ស្រមោល ហើយ​ជនសង្ស័យម្នាក់នោះ​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍ និង​កម្លាំង​នគរបាល​ខណ្ឌ ចុះ​ទៅ​នាំ​ខ្លួន​ប​ញ្ជូន​ទៅកាន់​អធិការដ្ឋាន​ខណ្ឌទួលគោក ។

​ប្រភពព័ត៌មានបានឱ្យដឹង​ទៀត​ថា នៅ​ពេល​នាំ​ខ្លួន​ទៅ​ដល់​អធិការដ្ឋាន​នគរបាល​ខណ្ឌក៏បាន​ចេញ​មក​ទទួល ​និង​ថតរូប​ ស្រាប់តែ​ជនសង្ស័យ​ប្រាប់​ថា មិន​ស្រួលខ្លួន (​ផ្តាសាយធំ​) រយៈពេល​៤​ថ្ងៃកន្លងមកហើយ ពេលនោះនគរបាលក៏បាន​នាំ​ចូល​ទៅ​ខាងក្នុងវាស់​កម្តៅ​ឃើញឡើង​ដល់​៣៧.៥០​អង្សា​ ហើយ​ម៉ាស៊ីន​វាស់កម្តៅរោទ៍ជា​​សញ្ញា រួចក៏បាន​នាំ​ចេញ​មក​ក្រៅវិញ​ ។​

ទន្ទឹមនឹង​​នោះ សមត្ថកិច្ច​ម្នាក់​ៗ​មានការ​ភ័យ​​ខ្លាច ​និង​ប្រុង​ប្រយ័ត្ន​ ហើយ​នាំ​គ្នា​បាញ់​អាល់កុល​គ្រប់​គ្នា ។ ​លុះ​ក្រោយមក ក៏បាន​វាស់​កម្តៅ​​ចំនួន​​២​ដង​ទៀត ទើប​កម្តៅ​ចុះ​មក​នៅ​ត្រឹម​៣៦​អង្សា​វិញ ។​
ទោះបីជា​យ៉ាងណា គេ​ពុំ​ដឹង​ថា ជនសង្ស័យ​មាន​វិជ្ជមាន​កូ​វី​ដ​-១៩​ឬ​យ៉ាងណា​នោះ​ទេ ។ ​បើសិន​ជនសង្ស័យ​មាន​វិជ្ជមាន​កូ​វី​ដអាច​ប្រឈម​​ការ​ឆ្លង​ទៅ​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​ដែល​ចាប់​នោះ។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក៕ដោយ​៖ជ្រោយពេជ្រ


ចែករំលែក៖