ខេត្តកោះកុង៖ ស្ត្រីម្នាក់ បានលួចរត់ចេញពីមន្ទីរពេទ្យបង្អែកខេត្តកោះកុងមកផ្ទះរបស់ខ្លួន ទាំងរូបគាត់កំពុងធ្វើការតាមដាន និងព្យាបាលស្វែងរកជំងឺកូវីដ-១៩ បានធ្វេីឲ្យពលរដ្ឋមានទីលំនៅក្នុងផ្សារចាស់ សង្កាត់ដងទង់ក្រុងខេមរភូមិន្ទ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ដោយអ្នកខ្លះបិទទ្វារផ្ទះជិត ហើយខ្លះទៀតហាមប្រាមមិនឲ្យកូនចៅចេញក្រៅផ្ទះ ដើម្បីអនុវត្តន៍វិធានក្រសួងសុខាភិបាល និងប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា “៣ការពារ ៣កុំ”។
បន្ទាប់ពីមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ភ្លាមៗ ក្រុមគ្រូពេទ្យ និងអាជ្ញាធរមានសមត្ថកិច្ច បានចុះប្រតិបត្តិរហូតឈានដល់ចាប់ខ្លួនយកទៅវិញផងដែរ។ ប៉ុន្តែសកម្មភាព ក៏ត្រូវបានប្រជាពលរដ្ឋ មានការសង្ស័យលើចំណាត់ការ របស់ក្រុមការងារយាមល្បាតរបស់មន្ទីរពេទ្យបង្អែកខេត្តកោះកុង មានការធ្វេសប្រហែសខ្លាំងណាស់។
ទាក់ទិននឹងបញ្ហានេះដែរ បេីតាមការបញ្ជាក់របស់មន្ត្រីជំនាញមន្ទីរពេទ្យខេត្តកោះកុង នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ បានអះអាងថា មិនទាន់ដឹងថាស្ត្រីរូបនេះ មានរលាកសួតឬយ៉ាងណានោះទេ តែក្រុមគ្រូពេទ្យធ្វើការត្រួតពិនិត្យបន្ត។ តែឥឡូវត្រូវបានរកឃើញ និងបញ្ជូនមកមន្ទីរពេទ្យវិញហើយ។
ជាមួយគ្នានោះ ប្រជាពលរដ្ឋសំណូមពរដល់លោក វេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យ និងលោក វេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង មេត្តាពិនិត្យនិងតាមដានសកម្មផ្នែកការងារយាមល្បាតរបស់មន្ត្រីខ្លួន ឲ្យអនុវត្តន៍ការងារឲ្យមានប្រសិទ្ធភាព ចៀសវាងធ្វេសប្រហែសបន្តទៀត ខណៈរដ្ឋាភិបាលកំពុងរឹតបន្តឹងវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ យ៉ាងយកចិត្តទុកដាក់បំផុត៕ដោយ៖សហការី