ខេត្តព្រៃវែង៖ លោក ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ បានបញ្ជាក់អោយដឹងថា, អ្នកល្មើសបម្រាម បានដាក់អោយធ្វើចត្តាឡីស័ក និងបានយកសំណាក ជាលទ្ធផលរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន៤នាក់ បន្ថែមទៀត មកពីរាជធានីភ្នំពេញ ៣នាក់ និងខេត្តព្រះសីហនុ ១នាក់។
អ្នកទាំង៤នាក់ នេះ ត្រូវបានមន្ត្រី នគរបាល យុត្តិធម៌ ស្រុក កំពុងតែបន្តនីតិវិធី ពិន័យអន្តរការតាម វិធានការរដ្ឋបាលហើយ។
លោក ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង បានថ្លែងបន្តថា, ជាសំណូមពរ ខ្ញុំបាទ ស្នើរសុំដល់ប្រជាពលរដ្ឋខេត្តព្រៃវែងយើង ជាពិសេស អ្នកដែលមានសាច់ញាតិ ធ្វើការនៅរាជធានី ខេត្តក្រុងផ្សេងៗ ក៏ដូចជាចំណាកស្រុកនៅប្រទេសថៃជាដើម សូមជំរាបប្រាប់ទៅពួកគាត់ថា បើគ្រាន់តែចង់មកលេងសប្បាយជួបជុំគ្រួសារនោះទេ គួរកុំទាន់មកលេងអី ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនូវជំងឺកូវីដ-១៩នេះ។
លោកថា, សូមបងប្អូននៅមូលដ្ឋានចូលរួមសហការដោយរាយការណ៍ជាបន្ទាន់មកអាជ្ញាធរអំពីជនសង្ស័យដែលធ្វើការចល័តទីមកពីកន្លែងផ្សេងៗ ល្មើសបម្រាមរបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីអោយសមត្ថកិច្ចអន្តរាគមន៍ ចាត់ការតាមវិធានការច្បាប់ ដែលឈានដល់ការទទួលទណ្ឌកម្មព្រហ្មទណ្ឌ! ៕
ដោយ, សិលា