ខេត្តសៀមរាប៖ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ បានសម្រេចបើកភូមិតាខ្វៀន ភូមិគោកតាចាន់ ផ្សារភូមិភាគ៤ នៃសង្កាត់គោកចក ឲ្យចេញ-ចូលឡើងវិញ ក្រោមពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ១៩ កាលពីដើមខែ មេសាកន្លងទៅ។ ជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាប ក៏អនុញ្ញាតឲ្យបើកឡើងវិញនូវមន្ទីរសម្រាកព្យាបាល ឆាយ លាង អាជីវកម្មដ្ឋាន និងផ្ទះចំនួន១៦ ទីតាំងទៀត ស្ថិតនៅភូមិសាស្រ្តក្នុងក្រុងសៀមរាប ចាប់ពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ នេះតទៅ។
បេីតាមការបញ្ជាក់របស់រដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងថា ទីតាំងខាងលើនេះ គឺមានការពាក់ព័ន្ធនឹងអ្នកវិជ្ជមានជំងឺកូវីដ១៩ ឈ្មោះ ពុធ សំអាត និងឈ្មោះទាវ សូវៀត (កាលពីថ្ងៃទី០៨ មេសា ២០២១) ឈ្មោះ ចាប នី (០៩ មេសា ២០២១) ហើយដែលត្រូវរដ្ឋបាលខេត្ត សម្រេចបិទជាបណ្ដោះអាសន្ននាពេលកន្លងមក។
ប្រភពដដែល បានបន្ថែមទៀតថា ក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់របស់ក្រុមការងារជំនាញ បានធ្វើឲ្យករណីនេះបានវិលទៅរកភាពប្រក្រតី និងស្ថិតក្រោមការគ្រប់គ្រង ដូចនេះគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត សម្រេចបើកការចេញ-ចូល ឬដំណើរការឡើងវិញនូវទីតាំងខាងលើនេះ។
ទន្ទឹមនឹងនេះ រដ្ឋបាលខេត្ត ក៏អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជន មេត្តាយកចិត្តទុកដាក់អនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ ៣ ការពារ (ត្រូវពាក់ម៉ាស់ ត្រូវលាងដៃជាមួយសាប៊ូ ឬជែល និងត្រូវរក្សាគម្លាតសង្គម) ៣កុំ (កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញ-ចូល កុំទៅកន្លែងមានមនុស្សច្រើនកុះករ និងកុំប៉ះពាល់គ្នា)៕ដោយ៖សហការី