ខេត្តកំពង់ឆ្នាំង ៖ ផ្ទះ១ខ្នងត្រូវបានភ្លើងឆេះស្ទើទាំងស្រុង បន្ទាប់ពីម្ចាស់ផ្ទះបានដុតសំរាមនៅក្បែរផ្ទះ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៧និង២០នាទីព្រឹកនៅថ្ងៃទី ២៤ ខែ មេសា ឆ្នាំ២០២១នៅ ភូមិតាំងត្បែង ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានឲ្យដឹងថា ផ្ទះដែលត្រូវអគ្គិភ័យឆេះនេះមានទំហំ៤គុណនិង៥ម៉ែត្រ ធ្វើអំពីឈើប្រក់ស្លឹកជញ្ជាំងស្លឹក ជារបស់ ឈ្មោះ ភុល ហៀង ភេទប្រុស អាយុ ៧៩ឆ្នាំ ។
សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ ម្ចាស់ផ្ទះបានប្រមូលសំរាមដុតនៅក្បែរផ្ទះ ពេលកំពុងដុតមានខ្យល់បក់ក៏បណ្តាលឲ្យប៉ើងកំទេចភ្លើងប៉ះចំជញ្ជាំងផ្ទះបណ្តាលឆេះភ្លាមៗ ក៏បង្កឲ្យមានការភ្ញាក់ផ្អើលឆោឡោតែម្តង ភ្លាមៗនោះអ្នកភូមិបានជួយពន្លត់ដែរ តែជួយមិនឈ្នះ ក៏បង្ករឆេះខ្ទេចតែម្តង ។
អគ្គិភ័យបង្កឲ្យខូចខាត អង្ករ៤០គីឡូក្រាម ស្រូវ ៥០គីឡូក្រាម លុយ១០ម៉ឺនរៀល សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ ខោអាវ សម្ភារៈប្រើប្រាស់ទាំងអស់ ប៉ុន្តែមិនបង្កឲ្យគ្រោះថ្នាក់ដល់មនុស្សនិងសត្វនោះទេ ៕
ប្រជាពលរដ្ឋនៅក្នុងភូមិឲ្យដឹងថា ម្ចាស់ផ្ទះដែលត្រូវភ្លើងឆេះនេះ ជាគ្រួសារចាស់ជរា ជួបការលំបាកបែរជាជួបគ្រោះអាក្រក់ឆេះផ្ទះអស់ទៀត ពលរដ្ឋក្នុងភូមិអំពាវនាវឲ្យអ្នកស្រុកជួយគ្នាក្នុងគ្រាដ៏លំបាកដើម្បីឲ្យគាត់បានផ្ទះរស់នៅដូចដើមវិញផង ៕
ដោយ៖ ចន្ថា