ខេត្តកំពង់ចាម+ត្បូងឃ្មុំ ៖ ជនសង្ស័យជាចោរឆក់យ៉ាងសកម្មក្នុងមូលដ្ឋានចំនួន ៣នាក់ រួមនឹងមធ្យោបាយបម្រើឱ្យសកម្មភាព ត្រូវបានកម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ និងកម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងកំពង់ចាមនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សហការជាមួយកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បើកកិច្ចប្រតិបត្តិការបង្ក្រាបបានជាក់ស្តែង តែម្តង។
ហេតុការណ៍នៃការបង្ក្រាបជនសង្ស័យជាចោរឆក់នេះបានធ្វើឡើងកាលពីវេលាម៉ោង១៧និង៣០នាទីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ នៅចំណុចចាប់ពីមុខភោជនីយដ្ឋានបឹងទន្សោង ស្ថិតក្នុងភូមិទន្លេបិទលើ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ រហូតឃាត់បាននៅចំណុចលើស្ពានគីហ្សូណា ស្ថិតក្នុងភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។
លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានមានប្រសាសន៍ប្រាប់ភ្នាក់ងារយើងឱ្យដឹងថា ករណីបង្រ្កាបដោយសហការគ្នារវាងនគរបាលជំនាញទាំងពីរខេត្តនេះ កម្លាំងយើងឃាត់បានជនសង្ស័យជាមុខសញ្ញាឆក់យ៉ាងសកម្មបានចំនួន៣នាក់គឺ៖
១-ឈ្មោះ ទូច តិ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ, ២-ឈ្មោះ រី បញ្ញា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ និង៣-ឈ្មោះ លី ចាន់ថា ហៅ ឆុយ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ អ្នកទាំងបីនាក់នេះមានទីលំនៅភូមិទួលសំបូរ ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។
ចំពោះវត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន ម៉ូតូចំនួន១គ្រឿងម៉ាកវ៉េវអាល់ហ្វា ពណ៌ខ្មៅ អត់ស្លាកលេខ, ទូរស័ព្ទដៃចំនួន៣គ្រឿង, កាបូបស្ពាយពណ៌ខ្មៅចំនួន១, ប្រាក់រៀលចំនួន៥០០,០០០រៀល (ប្រាំសែនរៀល)ប្រាក់ដុល្លារចំនួន១២ដុល្លារ(ដប់ពីរដុល្លារ) ។
លោកឧត្តមសេនីយ៍ស្នងការបានឱ្យដឹងទៀតថា បន្ទាប់មកជនសង្ស័យទាំង៣នាក់ខាងលើ រួមនឹងវត្ថុតាងត្រូវបាននាំមកកាន់អធិការដ្ឋាននគរបាលក្រុងកំពង់ចាម ដើម្បីធ្វើការសាកសួរ ។
លោកឧត្តមសេនីយ៍ស្នងការបានឱ្យដឹងបន្ថែមទៀតថា ផ្អែកតាមចម្លើយសារភាពបានបញ្ជាក់ឲ្យដឹងថា កន្លងមកក្រុមនេះ ធ្លាប់ធ្វើសកម្មភាពឆក់កាបូបចំនួន៤លើក រួមមាន៖ នៅក្នុងភូមិសាស្រ្តខេត្តកំពង់ចាម ចំនួន៣លើក គឺលើកទី១នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ វេលាម៉ោងប្រហែល១០យប់ នៅចំណុចហួសស្តុបលំហែ ស្ថិតក្នុងភូមិបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។ លើកទី២នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៦និង៤០នាទី នៅចំណុចមុខហាង មាន សុខលីន ស្ថិតក្នុងភូមិរកា សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។ លើកទី៣ នៅថ្ងៃខែមិនចាំ ក្នុងឆ្នាំ២០២១ វេលាម៉ោងប្រហែល១៧ និង០០នាទី ពួកនេះជិះម៉ូតូ១គ្រឿងនេះដដែលធ្វើសកម្មភាពតាមឆក់កាបូបនារីម្នាក់នៅម្ដុំក្រោមស្ពានគីហ្សូណា តែមិនបានសម្រេច ព្រោះជនរងគ្រោះជិះម៉ូតូបត់ចូលផ្ទះបាត់ហើយពួកនេះក៏ត្រឡប់ទៅផ្ទះវិញ។
នៅភូមិសាស្ត្រខេត្តត្ត្បូងឃ្មុំចំនួន០១លើក គឺនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១វេលាម៉ោង១៧ និង៤០នាទី នៅចំណុចមុខភោជនីយដ្ឋានបឹងទន្សោង ស្ថិតក្នុងភូមិទន្លេបិទលើ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ហើយក៏ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនបានទាំង៣នាក់តែម្ដង ។
ករណីនេះបច្ចុប្បន្នយើងបានប្រគល់ជនសង្ស័យទាំង០៣នាក់ខាងលើ ជូនសមត្ថកិច្ចខេត្តត្បូងឃ្មុំ ដើម្បីយកទៅអនុវត្តនីតិវិធីបន្តតាមបញ្ជាលោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ៕
ដោយ៖ វណ្ណៈ