ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធររាជធានីភ្នំពេញកំពុងរៀបចំ ចាត់ចែង យកស្បៀងអាហារ ចុះចែកជូនប្រជាពលរដ្ឋនិងកម្មករ ទីទាល់ក្រជាង១ម៉ឺនគ្រួសារនៅថ្ងៃទី២៦ មេសា ឆ្នាំ២០២១នេះ

ចែករំលែក៖

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញដោយការសហការគ្នាជាមួយនឹងកម្លាំងកងទ័ពជើងគោក បាននិងកំពុងរៀបចំ ចាត់ចែងយកស្បៀងអាហារទៅចែកជូនប្រជាពលរដ្ឋនិងកម្មករទីទាល់ក្រជាង១ម៉ឺនគ្រួសារ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ ទៅតាមការណែនាំរបស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ  ដោយក្រុមការងារទាំងអាជ្ញាធរខណ្ឌក៏ដូចជាកងកម្លាំងទាហានបាននិងកំពុងដុតដៃដុតជើងក្នុងការដឹកជញ្ជូនស្បៀងអាហារទៅតាមដាលគោលដៅខណ្ឌនីមួយៗដែលត្រូវប្រគល់ជូនបងប្អូនប្រជាពលរដ្ឋដល់លំនៅឋាន ខណៈដែល ពួកគាត់ត្រូវបានអាជ្ញាធររាជធានីភ្នំពេញធ្វើការបិទខ្ទប់ដើម្បីទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩ ។    

   ការបញ្ជាក់ខាងលើនេះរបស់លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ខណៈដែលលោកធ្វើជាតំណាងលោក  ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អញ្ជើញទទួលអំណោយពីលោក យុន 

ប៊ុនលី និងលោកស្រី ហៀវ លន់ សមា ជិក សមាជិកាសមាគមកាយរិទ្ធិនារីកម្ពុជា នៅសាលារាជធានីភ្នំពេញនាព្រឹកថ្ងៃទី២៦ ខែមេសានេះ ។

   អំណោយដែលប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញនេះ មានអង្ករចំនួន១៥តោន ដើម្បីយកទៅចាត់ចែងក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ខណៈដែលជំងឺនេះពីមួយថ្ងៃទៅមួយថ្ងៃនៅតែបន្តការរាលដាលឥតឈប់ឈរ ។

   ក្រៅពីការលើកឡើងខាងលើលោកកើត ឆែ ក៏បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក លោកស្រី ជាសប្បុរសជនខាងលើដែលបានឧបត្ថម្ភមករដ្ឋបាលរាជធានីភ្នំពេញ ដែលនេះជាកាយវិការដ៏ប្រពៃប្រកបដោយមនុស្សធម៌ និងគុណធម៌ ដោយបានចូលរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃ មេរោគកូវីដ-១៩ នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានទាន់ពេលវេលា៕

ដោយ៖ សំរិត


ចែករំលែក៖