អន្តរជាតិ៖ បើតាមទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃចន្ទទី២៦ ខែមេសា ឆ្នាំ២០២១ បានចុះផ្សាយថា សភាប្រទេសអ៉ីតាលី នៅថ្ងៃចន្ទនេះ បានជជែកវែកញែក អំពីផែនការស្តារសេដ្ឋកិច្ចប្រទេសឡើងវិញ តាមរយៈកញ្ចប់ថវិកាចំនួន ២២៦ពាន់លានដុល្លារ ជាជំនួយពីសហភាពអឺរ៉ុប ដោយក្លឹបកម្សាន្ត ភោជនីយដ្ឋាន រោងកុន និងសាលប្រគំតន្រ្តី នឹងបើកដំណើរការជាថ្មីនៅទូទាំងប្រទេសនេះ ដែលបានទទួលរងផលប៉ះពាល់យ៉ាងដំណំ ដោយសារការឆ្លងរាតត្បាតជំងឺ COVID-19។
ទីភ្នាក់ងារសារព័ត៌មាន Reuters បានបន្តថា តំបន់នានាសរុប «បីភាគបួន» នឹងត្រូវដាក់ចូលទៅក្នុងតំបន់ «ពណ៌លឿង» ជាចំណាត់ថ្នាក់នៃ «ហានិភ័យទាប» ចាប់ពីថ្ងៃចន្ទនេះតទៅ ដោយបារ និងភោជនីយដ្ឋាននានានៅតំបន់ទាំងនោះ នឹងត្រូវអនុញ្ញាតឱ្យចាប់ផ្តើមដំណើរការ ផ្តល់សេវាកម្មដល់អតិថិជននៅខាងក្រៅហាងវិញ រួមទាំងជាលើកដំបូងបង្អស់ក្នុងរយៈពេល ០៦ខែ បើទោះបីជាបម្រាមគោចរចាប់ពីម៉ោង ១០៖០០នាទីយប់ នៅតែបន្តអនុវត្តក៏ដោយ។
សូមជម្រាបថា បន្ទាប់ពីវិធានការរឹតត្បឹតដែលបានដាក់ចេញ ដើម្បីគ្រប់គ្រងរលកទី ២ និងទី ៣ នៃជំងឺឆ្លងរាតត្បាត COVID-19 ត្រូវបានដកចេញអស់រយៈពេលជាច្រើនខែ។ ខណៈប្រទេសអ៊ីតាលី សង្ឃឹមថា ការបន្ធូរបន្ថយចុងក្រោយនេះ នឹងសម្រេចបាននូវការចាប់ផ្តើមអ្វីៗ ជាធម្មតាឡើងវិញនៅចំពោះមុខរដូវក្តៅ។
ទាក់ទិននឹងបញ្ហានេះដែរ បេីតាមលោក ដានីញែល វែស្ប៉ា (Daniele Vespa) អាយុ ២៦ឆ្នាំ ជាមេការនៅភោជនីយដ្ឋាន បាកខាណូ (Baccano) ដែលជាភោជនីយដ្ឋានស្ថិតនៅក្បែរទឹកធ្លាក់សិប្បនិមិត្ត ទ្រេវី (Trevi) នៃទីក្រុងរ៉ូម (Rome) បានថ្លែងប្រាប់សារព័ត៌មាន AFP នៅពេលដែលលោកកំពុងរៀបចំសម្រាប់ ការត្រឡប់មកវិញរបស់អតិថិជនថា៖ «ទីបំផុត! សង្ឃឹមថា… យើងអាចបើកដំណើរការឡើងវិញ នៅខាងក្នុងពេលឆាប់ៗនេះ ហើយវាជាការចាប់ផ្តើមនៃការវិលត្រឡប់ មករកភាពប្រក្រតីវិញ»។
គួរបញ្ជាក់ថា នៅថ្ងៃទី០១ ខែកក្កដាខាងមុខនេះ រោងកុន និងសាលប្រគំតន្ត្រី ក៏អាចបើកដំណើរការបានក្នុងកម្រិត «៥០ភាគរយ» អមដោយការបើកដំណើរការអាងហែលទឹក កន្លែងហាត់ប្រាណ ព្រឹត្តិការណ៍កីឡា និងសួនកម្សាន្ត៕ដោយ៖ស តារា