ខេត្តសៀមរាប៖ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ ឧត្តមសេនីយ៍ទោ ស៊ិន ភាត់ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងសៀមរាប អញ្ជើញចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី២ ជូនដល់គ្រួសារកងទ័ព នៅទីបញ្ជាការ តំបន់ប្រតិបត្តិការសឹករងសៀមរាប។
លោកមេបញ្ជាការ បានមានប្រសាសន៍ថា ដោយមើលឃើញបងប្អូន ជាគ្រួសារកងទ័ព ជាអ្នកដែលប្រឈមមុខងាយរងគ្រោះ និងមានហានិភ័យ ដោយសារកងទ័ពក្នុងដំណាក់កាលនេះ ត្រៀមខ្លួនជានិច្ច និងបាននឹងកំពុងចូលរួមយ៉ាងសកម្មជាមួយរាជរដ្ខាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដូច្នេះរាជរដ្ឋាភិបាលកម្ពុជា បានកំណត់ថាបងប្អូនដែលជាសមាជិក គ្រួសារកងទ័ព ក៏មានអាទិភាពក្នុងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ គឺដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺនេះផងដែរ និងដើម្បីសង្គ្រោះជីវិតរបស់ពួកគាត់មិនឱ្យឈឺធ្ងន់នៅពេលឆ្លងជំងឺកូវីដ-១៩។
ជាមួយគ្នានោះ លោក មេបញ្ជាការ បានក្រើនរំលឹក ដល់បងប្អូន ជាគ្រួសារកងទ័ព ដែលបានចាក់វ៉ាក់សាំងលើកទី២រួច ត្រូវតែគោរពថ្លែងអំណរគុណ និងដឹងគុណ ចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានប្រឹងប្រែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ កងកម្លាំង ក៏ដូចជាគ្រួសារកងទ័ពទូទាំងតំបន់ប្រតិបត្តិការសឹករងសៀមរាប នាពេលនេះ។ ហើយទោះបីជា បងប្អូនបានទទួលការចាក់វ៉ាក់សាំងហើយយ៉ាងណាក្តី ត្រូវតែបន្តយកចិត្តទុកដាក់ អនុវត្តនូវវិធានការនានា របស់ក្រសួងសុខាភិបាល ដែលបានដាក់ចុះ ជាពិសេសវិធានការ ៣កុំ ៣ការពារ និងបន្តការធ្វើអនាម័យដោយលាងដៃនិងសាប៊ូ អាល់កុល ជែល និងរក្សានៅគម្លាតសង្គមផងដែរ៕
ដោយ ៖ សិលា