ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលក្រុងប៉ោយប៉ែត សូមបដិសេធនៅព័ត៌មានមិនពិតនេះ សូមស្នើដល់សមត្ថកិច្ចពាក់ព័ន្ធ មេត្តាស្រាវជ្រាវចាប់ជនដែលបង្ហោះព័ត៌មានមិនពិតនេះ មកផ្តន្ទាទោសតាមច្បាប់

ចែករំលែក៖

ក្រុងប៉ោយប៉ែត៖ រដ្ឋបាលក្រុងប៉ោយប៉ែតនៅរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ បានធ្វើការការច្រានចោលព័ត៌មានមិនពិត ដែលថាបុរសជាជនជាតិ ឥណ្ឌូនេស៊ីឈ្មោះ ជូហាន សូសាន់តូ បានស្លាប់ដោយសារជំងឺកូវីដ-១៩ រដ្ឋបាលក្រុងប៉ោយប៉ែត សូមជម្រាបជូនដំណឹងដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋទូទាំងក្រុង ប៉ោយប៉ែត ឱ្យបានជ្រាបថា៖ នៅពេលថ្មីៗនេះ មានគណនេយ្យហ្វេសប៊ុកមួយឈ្មោះ បារាំង កុលបុត្រខ្មែរ បាន ធ្វើការផ្សព្វផ្សាយព័ត៌មានថា “បិតា 23មេសា ឆ្នាំ2021 ក្រុងប៉ោយប៉ែត អស់សួតហើយគាត់បានមរណភាព បញ្ជាក់ គាត់អ្នកកើតមុនគេទាំងអស់ក្រុងប៉ោយប៉ែត ដោយមានភ្ជាប់ជាមួយរូបភាពបុរសជាជនជាតិ ឥណ្ឌូនេស៊ីឈ្មោះ ជូហាន សូសាន់តូ និងរូបថតសួតដែលមានការខូចខាតដោយជំងឺកូវីដ-១៩ផងដែរ។

ករណីនេះ រដ្ឋបាលក្រុងប៉ោយប៉ែតសូមធ្វើការបដិសេធទាំងស្រុងចំពោះព័ត៌មាននេះ គឺជាព័ត៌មានមិនពិត និងផ្សព្វផ្សាយគ្មានមូលដ្ឋានអំណះអំណាងបញ្ជាក់ពីអង្គភាពជំនាញច្បាស់លាស់ ក្នុងន័យបង្កឱ្យមានភាពចលាចល ក្នុងសង្គមតែប៉ុណ្ណោះ។

ដោយយោងតាមការរាយការណ៍របស់ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិប៉ោយប៉ែត បានឱ្យដឹងថា ស្ថានភាពជំងឺរបស់បុរសជាជនជាតិឥណ្ឌូនេស៊ីឈ្មោះ ជូហាន សូសាន់តូ នៅពេលនេះ មានសុខភាពល្អប្រសើរ ធម្មតា និងកំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពប៉ោយប៉ែត១ នៅឡើយ។

អាស្រ័យហេតុនេះ សូមសាធារណជន និងបងប្អូនប្រជាពលរដ្ឋទូទាំងក្រុងប៉ោយប៉ែត មេត្តាជ្រាបជា ព័ត៌មាន និងស្នើដល់សមត្ថកិច្ចជំនាញធ្វើការស្វែងរកបុគ្គលដែលផ្សព្វផ្សាយព័ត៌មានមិនពិតខាងលើ ដើម្បីយកមក អនុវត្តតាមនីតិវិធីច្បាប់៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖