ភ្នំពេញ៖ រដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល អភិបាលខណ្ឌចំការមន បានបន្តចុះចែកអំណោយ ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈលោកអភិបាលរាជធានីភ្នំពេញ ជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ដែល រស់នៅក្នុងសង្កាត់ទួលទំពូងទី១ ចំនួន ១៥៣គ្រួសារ នៅម៉ោង៤និង៣០នាទីល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ ។
ក្នុងឱកាសនេះ លោក ថេង សុថុល បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើការសាកសួរសុខទុក្ខពីសម្តេចទាំងទ្វេរ ជូនបងប្អូន ប្រកបដោយក្តីនឹករលឹក ព្រមទាំងការគិតគូរយ៉ាងយកចិត្តទុកដាក់ខ្ពស់អំពីសុខទុក្ខ សុខុមាលភាព និងសុវត្ថិភាពរបស់ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននីមួយៗ ជាពិសេស ក្នុងអំឡុងពេលបិទខ្ទប់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដោយបានចាត់តាំងឲ្យរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ រដ្ឋបាលសង្កាត់ ចុះមកជួបដោយផ្ទាល់ សួរសុខទុក្ខ និងចែកអំណោយជូនបងប្អូន ដើម្បីជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋបានមួយកម្រិត ។
លោកអភិបាលខណ្ឌ បានលើកឡើងបន្តថា ការសម្រេចចិត្តរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល គឺជាវិធានការមួយក្នុងកាត់ផ្តាច់នូវការឆ្លងមេរោគកូវីដ-១៩ នៅក្នុងមូលដ្ឋាននីមួយៗ ដែល កើតចេញពីព្រឹត្តិការណ៍ ២០កុម្ភៈ ។ ដូច្នេះ ក្នុងដំណាក់កាលដ៏លំបាកនៃការបិទខ្ទប់ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្រោមការគិតគូរយ៉ាងយកចិត្តទុក្ខដាក់ពីប្រមុខរាជរដ្ឋាភិបាល គឺត្រូវទាមទារឲ្យមានការចូលរួមពីសំណាក់ បងប្អូនទាំងអស់គ្នា ដើម្បីឲ្យស្ថានភាពបិទខ្ទប់នេះ វិលមករកស្ថានភាពធម្មតាវិញ ។
លោក ថេង សុថុល បានបន្ថែមទៀតថា ដោយសារក្នុងពេលនេះជារដូវក្ដៅ ដូច្នេះសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់ មេត្តាប្រុងប្រយ័ត្នចំពោះគ្រោះអគ្គិភ័យ ដែលអាចកើតឡើងបណ្ដាលមកពីភ្លើងចង្ក្រាន ធូប ទៀន ជាពិសេស បញ្ហាអគ្គិសនី ដោយធ្វើយ៉ាងណាពិនិត្យឱ្យបានម៉ត់ចត់កុំមានការធ្វេសប្រហែសឱ្យសោះ ។
សូមបញ្ជាក់ថា អំណោយដែលចែកជូននៅពេលនេះ ក្នុង០១គ្រួសារ ទទួលបាន៖ -អង្ករ ២៥គីឡូក្រាម -មី ០១កេស -ទឹកត្រី ០១យួរ -ទឹកស៊ីអ៉ីវ ០១យួរ និងត្រីខ ០១យួរ ៕
ដោយ៖ជី ណា