ព័ត៌មានទាន់ហេតុការណ៍៖

តោះ! ស្វែងយល់អំពីមុខងារថ្មីៗដែលមានជាមួយនឹងកម្មវិធីប្រព័ន្ធប្រតិបត្តិការ iOS 14.5

ចែករំលែក៖

ភ្នំពេញ៖នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យានៃ អគ្គស្នងការនគរបាលជាតិបានបញ្ជាក់ឲ្យដឹងថា, កាលពីយប់មិញនេះក្រុមហ៊ុន Apple បានធ្វើបច្ចុប្បន្នភាពកម្មវិធីប្រព័ន្ធប្រតិបត្តិការ iOS សម្រាប់ទូរសព្ទ iPhone ដោយបានដាក់បញ្ចូលនូវមុខងារថ្មីៗមួយចំនួនមានដូចជា មុខងារសម្រាប់កំណត់ការតាមដានអ្នកប្រើប្រាស់ (App Tracking), កម្មវិធីសម្រាប់ប្រើជាមួយនឹងឧបករណ៍តាមដាន AirTags និងមុខងារដែលអាចឱ្យអ្នកប្រើប្រាស់បន្ថែមហេតុការណ៍ផ្សេងៗចូលទៅក្នុងកម្មវិធី Apple Maps។

ប៉ុន្តែមុខងារមួយដែលអាចធ្វើឱ្យការប្រើប្រាស់ទូរសព្ទ iPhone កាន់តែមានភាពងាយស្រួលនោះគឺ មុខងារដែលអាចឱ្យអ្នកប្រើប្រាស់បើកសោទូរសព្ទជាមួយនឹងនាឡិកាវៃឆ្លាត Apple Watch ព្រោះការបើកសោទូរសព្ទដោយប្រើផ្ទៃមុខមិនអាចដំណើរការបានដោយសារអ្នកប្រើប្រាស់ជាច្រើននាពេលបច្ចុប្បន្នតម្រូវឱ្យពាក់ម៉ាសដើម្បីការពារពីការឆ្លងនៃមេរោគកូវីដ១៩។

មុខងារបើកសោនេះគឺវាស្រដៀងគ្នាទៅនឹងការបើកសោដែលក្រុមហ៊ុនកំពុងតែប្រើជាមួយនឹងកុំព្យូទ័រ Mac ដែរ។ នៅពេលដែលទូរសព្ទត្រូវបានបើកសោ នាឡិការបស់លោកអ្នកនឹងញ័រ ជាការជូនដំណឹងថាទូរសព្ទត្រូវបានបើកសោ ជាងនេះទៅទៀតវាក៏ផ្ដល់ជម្រើសសម្រាប់លោកអ្នកអាចចាក់សោរទូរសព្ទវិញបាន ប្រសិនបើអ្នកដទៃព្យាយាមបើកសោទូរសព្ទនោះ។

ដើម្បីប្រើមុខងារនេះ លោកអ្នកត្រូវធ្វើបច្ចុប្បន្នភាពកម្មវិធីប្រព័ន្ធប្រតិបត្តិការរបស់ទូរសព្ទ iPhone ទៅជំនាន់ iOS 14.5 និងនាឡិកាវៃឆ្លាត Apple Watch ទៅជំនាន់ watchOS 7.4។ បន្ទាប់ពីលោកអ្នកបានធ្វើបច្ចុប្បន្នភាពរួចហើយ លោកអ្នកអាចបើកមុខងារនេះនៅក្នុងទូរសព្ទដោយចូលទៅក្នុង Settings -> Face ID & Passcode -> ចុចបើក Unlock With Apple Watch។

ដើម្បីប្រើមុខងារនេះវាក៏តម្រូវឱ្យលោកអ្នកប្រើ Passcode ជាមួយនឹងនាឡិកាផងដែរ។ ប្រសិនបើលោកអ្នកមិនទាន់មានប្រើ Passcode លោកអ្នកអាចបង្កើតលេខ Passcode ដោយចូលទៅក្នុងកម្មវិធី Watch នៅក្នុងទូរសព្ទ ហើយជ្រើសយក Passcode -> Turn Passcode On ហើយវាយបញ្ចូលលេខ Passcode ដែលលោកអ្នកចង់ប្រើ។

គួរបញ្ជាក់ផងដែរថាមុខងារនេះគឺប្រើសម្រាប់តែបើកសោទូរសព្ទប៉ុណ្ណោះ ហើយលោកអ្នកមិនអាចប្រើសម្រាប់បញ្ជាក់អត្តសញ្ញាណជាមួយនឹង Apple Pay ឬ App Store បានទេ៕

ដោយ ៖ សិលា


ចែករំលែក៖