ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីបុគ្គលិកស្ថានទូតអាមេរិកនៅឥណ្ឌា២នាក់ស្លាប់និងជាង១០០នាក់ឆ្លងកូវីដ-១៩

ចែករំលែក៖

មន្ត្រីនិងបុគ្គលិកការទូតព្រមទាំងគណៈប្រតិភូអាមេរិកនៅក្នុងប្រទេសឥណ្ឌា រងផលប៉ះពាល់យ៉ាងខ្លាំង ដោយការឆ្លងកូវីដ-១៩ ហើយមកទល់ពេលនេះ មានមនុស្សជាង១០០នាក់ឆ្លងកូវីដ-១៩ និងមាន២នាក់ស្លាប់។
សារព័ត៌មាន CNN មិនបានផ្សាយពីទីតាំងដែលបុគ្គលិក២នាក់ស្លាប់ និងឆ្លងកូវីដ-១៩នោះទេ។ បច្ចុប្បន្ន អាមេរិក មានស្ថានទូតប្រចាំនៅទីក្រុងញូវដេលី និង ស្ថានកុងស៊ុលចំនួន៥ទៀតនៅទីក្រុងធំៗក្នុងប្រទេសឥណ្ឌា។
ស្ថានភាពនៃការឆ្លងខាងលើកើតឡើងក្នុងពេលដែលឥណ្ឌាមានករណីឆ្លងកូវីដ-១៩ ប្រចាំថ្ងៃខ្ពស់បំផុតមិនធ្លាប់មាន គឺឆ្លងជាង ៣សែននាក់ក្នុងមួយថ្ងៃរយៈពេល ៥ថ្ងៃជាប់គ្នា។ មន្ទីរពេទ្យពេញណែន ដោយអ្នកជំងឺ ខ្វះថ្នាំព្យាបាល ខ្វះបំពង់អុកសុីហ្សែន…។
នៅពេលនេះដែរ អគ្គនាយកអង្គការសុខភាពពិភពលោក WHO លោក Tedros Adhanom Ghebreyesus បានប្រកាសនៅថ្ងៃទី ២៦ខែមេសាថា WHO និឹងបញ្ជូនបុគ្គលិក ព្រមទាំងជំនួយបន្ថែមដើម្បីជួយដល់ឥណ្ឌាប្រយុទ្ធប្រឆាំងកូវីដ-១៩ ដែលកំពុងរាលដាលយ៉ាងខ្លាំងក្នុងប្រទេសនេះ។ ក្រៅពីនេះក៏មានប្រទេសជាច្រើនជុំវិញពិភពលោក បានប្រកាសជួយដល់ប្រទេសឥណ្ឌា ទប់ស្កាត់ការឆ្លងកូវីដ-១៩ ដើម្បីយកឈ្នះក្នុងពេលដ៏ខ្លីខាងមុខ៕

ដោយ៖ ធីរីណា(រូបភាព៖ Reuters)


ចែករំលែក៖